ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទ ទី៩ មិថុនា ថា ប្រទេសអ៊ុយក្រែន បាននាំយកឈ្លើយសឹកមួយក្រុមដំបូងពីការជាប់ឃុំឃាំងនៅប្រទេសរុស្ស៊ី ត្រឡប់មកប្រទេសវិញ នៅក្នុងការដោះដូរចុងក្រោយរវាងភាគីទាំងពីរ។ លោក Zelenskiy បាននិយាយនៅលើកម្មវិធី Telegram ថា «ការដោះដូរនៅថ្ងៃនេះ បានចាប់ផ្តើមហើយ ហើយវានឹងត្រូវបានធ្វើឡើងជាច្រើនដំណាក់កាលទៀត ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ» ដោយអ្នករងរបួសធ្ងន់និងអ្នកដែលមានអាយុក្រោម២៥ឆ្នាំ គឺជាផ្នែកនៃការដោះដូរនេះ។

វាគឺជាក្រុមដំបូងនៃឈ្លើយសឹកសង្រ្គាម ដែលត្រូវបានដោះដូរ បន្ទាប់ពីកិច្ចចរចាជុំទីពីររវាងអ៊ុយក្រែននិងរុស្ស៊ី នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីដើមខែនេះ។ ការវិលត្រឡប់នៃឈ្លើយសឹកសង្គ្រាម(POWs) និងការប្រគល់សាកសពរបស់អ្នកស្លាប់ គឺជារឿងមួយក្នុងចំណោមរឿងរ៉ាវមួយចំនួន ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ខណៈការចរចាដ៏ទូលំទូលាយបានបរាជ័យក្នុងការឈានដល់ការបញ្ចប់សង្រ្គាម ដែលបច្ចុប្បន្ននេះ នៅក្នុងឆ្នាំទី៤ របស់ខ្លួន។

ការប្រយុទ្ធគ្នាបានអូសបន្លាយពេល ដោយរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានដណ្តើមកាន់កាប់ដែនដីបន្ថែមទៀតនៅក្នុងតំបន់ភាគកណ្តាលប៉ែកខាងកើតនៅទីក្រុង Dnipropetrovsk និងទីក្រុងគីវរបស់អ៊ុយក្រែន ដោយនិយាយថា ទីក្រុងមូស្គូ បានបើកការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំបំផុតក្នុងសង្គ្រាម។

មន្ត្រីក្នុងទីក្រុងគីវ និយាយថា ឈ្លើយសឹកអ៊ុយក្រែនមួយចំនួន ដែលបានត្រឡប់មកប្រទេសវិញកាលពីថ្ងៃចន្ទ បានស្ថិតនៅក្នុងការចាប់ឃុំខ្លួនរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម។