អប់រំកាយ៖ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានចាត់ទុកមុខវិជ្ជាអប់រំកាយ និងកីឡាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមបច្ចុប្បន្ន បន្ទាប់ពីវិស័យមួយនេះត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ ឯកឧត្តមបានថ្លែងបែបនេះនៅក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការបង្កើតផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយ ក្នុងគ្រឹះស្ថានសិក្សាដែលសហការរៀបចំដោយអង្គការបេះដូងមាស និងក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នេះ។

អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាដដែលបានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃអាណត្តិទី៦ បានប្រកាន់យកការអភិវឌ្ឍធនធានមនុស្សជាចម្បង ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើនក្នុងនោះក៏បានផ្ដោតអាទិភាព សម្រាប់វិស័យអប់រំកាយ និងកីឡានេះដែរ។ ដោយហេតុនេះ ឯកឧត្តមបានសំណូមពរឲ្យសិក្ខាកាម ដែលបានចូលរួមសិក្ខាសាលានេះត្រូវយកចិត្តទុកដាក់សិក្សា ដើម្បីទទួលយកចំណេះដឹងជំនាញទាំងអស់ សម្រាប់អនុវត្តនៅពេលដែលត្រឡប់ទៅមូលដ្ឋានវិញ។ លោក កែវ សុចិត្រា អនុប្រធានអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសបានឲ្យដឹងថា សិក្ខាសាលានេះផ្តោតលើគោលបំណង ៣ធំ ទី១-ការពន្យល់ខ្លឹមសារក្នុងសៀវភៅកម្មវិធីសិក្សាលម្អិត និងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយពីបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិពីក្រុមការងារ នឹងធ្វើឲ្យសិក្ខាកាមមកពីរាជធានីខេត្តគោលដៅ យល់ដឹងបានអំពីអ្វីដែលគ្រូអប់រំកាយនៅតាមរាជធានីខេត្ត ត្រូវការសម្រាប់ការបង្រៀននៅតាមសាលា ទី២-ការបង្កើតផែនការអភិវឌ្ឍជាក់ស្តែងសម្រាប់រាជធានីខេត្ត ក៏ដូចជាក្រុង-ស្រុក-ខណ្ឌ ទី៣-ការយល់ដឹងពីរបៀបពិនិត្យមើលថ្នាក់អប់រំកាយនៅតាមសាលារៀន។
លោកបន្ដថា សិក្ខាសាលនេះមានរយៈពេល ៣ថ្ងៃដើម្បីផ្សព្វផ្សាយមុខវិជ្ជាអប់រំកាយបែបថ្មី ដល់សាលារៀននៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តស្វាយរៀង ដោយអង្គការបានកំណត់នូវសូចនាករថា យ៉ាងហោចណាស់សាលារៀនចំនួន ៥០% បានដំណើរការថ្នាក់អប់រំកាយយ៉ាងពិតប្រាកដទៅតាមកម្រិតនៃភូមិសិក្សា។ នាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស និស្សិត ត្រូវការបង្កើតផែនការ ប្រព័ន្ធអភិវឌ្ឍ និងយុទ្ធសាស្ត្របន្ថែមទៀតឲ្យគ្របដណ្តប់ទៅដល់គ្រប់ខេត្ត-ក្រុងនៅក្នុងប្រទេសកម្ពុជា ហើយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ត្រូវការលើកម្ពស់ប្រព័ន្ធបណ្តុះបណ្តាល ឬអប់រំគុណភាពគ្រូអប់រំកាយ ដើម្បីឲ្យការផ្តល់គ្រូអប់រំកាយទៅតាមសាលារៀនមានគុណភាព សម្រាប់ការបង្រៀនគុណភាពថ្នាក់អប់រំកាយបានយ៉ាងមានប្រសិទ្ធភាព៕
អត្ថបទ៖ លី ឈុនឡា