ប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅកាត់តាNATO បានព្រមានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ឥទ្ធិពលយោធាដែលកំពុងកើនឡើងរបស់ចិន និងការចងសម្ព័ន្ធភាពជិតស្និទ្ធជាមួយរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង មានន័យថា ណាតូគួរតែអភិវឌ្ឍភាពជាដៃគូនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បន្ថែមទៀត ដើម្បីឆ្លើយតបនឹងការរីកចម្រើនផ្នែកយោធារបស់ទីក្រុងប៉េកាំង ។

លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បានធ្វើអត្ថាធិប្បាយបែបនេះ នៅឯវិទ្យាស្ថានកិច្ចការអន្តរជាតិក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ស្របពេលការចរចាពាណិជ្ជកម្មកម្រិតរដ្ឋមន្ត្រីរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងទីក្រុងនេះ។

លោក Rutte អតីតនាយករដ្ឋមន្រ្ដីហូឡង់រូបនេះ បាននិយាយថា អ្វីដែលពួកលោកមើលឃើញនៅពេលនេះ គឺជាការរីកចម្រើនដ៏ធំសម្បើមនៃសមត្ថភាពយោធារបស់ប្រទេសចិន។
លោកបានកត់សម្គាល់ថា ប្រទេសចិនមានកងទ័ពជើងទឹកដ៏ធំបំផុតរបស់ពិភពលោករួចហើយ ហើយកម្លាំងប្រយុទ្ធមានដូចជានាវាផ្ទុកយន្តហោះ ឬនាវាមុជទឹកជាដើម ត្រូវបានគេរំពឹងថានឹងកើនឡើងដល់៤៣៥ គ្រឿងនៅឆ្នាំ ២០៣០។

លោកបានបន្ថែមថា ចិនក៏កំពុងសាងសង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដែរ ហើយមានគោលបំណងក្ដោបក្ដាប់ក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការជាង ១,០០០ គ្រាប់ ផងដែរនៅឆ្នាំ ២០៣០។
កងទ័ពជើងទឹកនៃកងកម្លាំងរំដោះប្រជាជនចិនPLA គឺជាកងនាវាដ៏ធំបំផុតរបស់ពិភពលោក ដែលមាននាវាចម្បាំងចំនួន ២៣៤ គ្រឿង បើប្រៀបធៀបទៅនឹងចំនួននាវាចម្បាំងនៃកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកដែលមានត្រឹមតែ២១៩គ្រឿង នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។ ហើយមន្ទីរបញ្ចកោណបាននិយាយថា ចិនមានសមត្ថភាពផលិតនានា ច្រើនជាង ២០០ដង លើសអាមេរិក៕