ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានជំរុញជាផ្លូវការឱ្យក្រុមពលរដ្ឋស៊ីវិល បញ្ឈប់ការបង្ហោះបាឡុងដឹកខិត្តបណ្ណឆ្ពោះទៅកាន់កូរ៉េខាងជើង ដែលជាការអំពាវនាវជាលើកដំបូង ចាប់តាំងពីច្បាប់ប្រឆាំងខិត្តបណ្ណត្រូវបានលុបចោលនៅឆ្នាំ២០២៣ មក។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ (០៩ មិថុនា) អ្នកនាំពាក្យរបស់ក្រសួង បានរិះគន់ការបង្ហោះខិតបណ្ណនាពេលថ្មីៗនេះ ដោយក្រុមមួយឈ្មោះ សហព័ន្ធគ្រួសាររបស់អ្នកត្រូវចាប់ខ្លួន (Abductee’s Family Union ឬ AFU) ដោយនិយាយថា អង្គការនេះនៅតែបន្តសកម្មភាព បើទោះបីជាមានការស្នើពីក្រសួង ឱ្យបញ្ឈប់ក៏ដោយ។
អ្នកនាំពាក្យរូបនេះបន្ថែមថា "ដោយសារកត្តានេះអាចបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ និងគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់អ្នកស្រុកនៅតំបន់ព្រំដែន អាជ្ញាធរសូមទទូចយ៉ាងខ្លាំងឱ្យបញ្ចប់ការបង្ហោះខិត្តបណ្ណបែបនេះទៀត"។ លោក Choi Sung-yong ប្រធានក្រុម AFU ដែលបានបង្ហោះបាឡុងដឹកខិត្តបណ្ណរៀបរាប់ពីអ្នកត្រូវបានចាប់ខ្លួន បានរិះគន់ការព្រមានរបស់ក្រសួង និងភាពអសកម្មរបស់រដ្ឋាភិបាល ដោយហៅថាជាការមិនគោរពកាតព្វកិច្ច។
គួរឱ្យដឹងថា ទីក្រុងព្យុងយ៉ាង មានភាពរសើបយ៉ាងខ្លាំងចំពោះការបង្ហោះបាឡុងដឹកខិត្តបណ្ណដោយសកម្មជនកូរ៉េខាងត្បូង ដោយបានរិះគន់សកម្មភាពនេះម្តងហើយម្តងទៀតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងថែមទាំងបានបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅ Kaesong ក្នុងខែមិថុនា ឆ្នាំ ២០២០ ទៀតផង ដើម្បីតវ៉ាប្រឆាំងនឹងការបរាជ័យរបស់ទីក្រុងសេអ៊ូល ក្នុងការបញ្ឈប់ខិត្តបណ្ណបែបនេះ៕

