ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung និងប្រធានាធិបតីចិន លោក Xi Jinping បានសន្យាក្នុងជំនួបតាមទូរសព្ទនៅថ្ងៃអង្គារ (១០ មិថុនា) នេះថា នឹងប្រឹងប្រែងធ្វើការរួមគ្នាដើម្បីភាពជឿនលឿនដ៏សំខាន់នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច សន្តិភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា លោក Xi បានប្រាប់មេដឹកនាំថ្មីរបស់កូរ៉េខាងត្បូងរូបនេះថា ប្រទេសទាំងពីរគួរតែគោរពផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក ហើយធានាថា ចំណងទំនាក់ទំនងបន្តឆ្ពោះទៅមុខ "នៅលើផ្លូវដ៏ត្រឹមត្រូវ"។
នៅក្នុងកិច្ចពិភាក្សាតាមទូរសព្ទលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក Lee ចូលកាន់តំណែងកាលពីសប្តាហ៍មុនមក លោក Xi បានលើកឡើងថា ទំនាក់ទំនងចិន-កូរ៉េខាងត្បូង ដែលមានសុខភាពល្អ ស្ថិរភាព និងការធ្វើឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ គឺជារឿងអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV។
លោក Xi បានជំរុញឱ្យប្រទេសទាំងពីរពង្រឹងការផ្លាស់ប្តូរ ប្រកាន់ខ្ជាប់នូវទិសដៅនៃ "អ្នកជិតខាងជាមិត្តដ៏រួសរាយ" និងរួមគ្នាការពារបណ្ដាញផ្គត់ផ្គង់ឧស្សាហកម្មសកល និងក្នុងតំបន់។
គួរឱ្យដឹងថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូង ហើយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានភាពប្រសើរឡើងខ្លាំង ចាប់តាំងពីភាពរកាំរកូសកាលពីឆ្នាំ២០១៧ ជុំវិញការដំឡើងប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក ដែលទីក្រុងប៉េកាំង បានជំទាស់យ៉ាងដាច់ខាត៕

