ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃអង្គារ (១០ មិថុនា) នេះថា កូរ៉េខាងត្បូង ជិតចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៦ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់រថក្រោះប្រភេទ K2 ចំនួន ១៨០គ្រឿងសម្រាប់ប៉ូឡូញ។

យោងតាមកិច្ចសន្យានោះ ក្រុមហ៊ុន Hyundai Rotem របស់កូរ៉េខាងត្បូង ដែលមានជំនាញក្នុងកិច្ចសន្យាឧស្សាហកម្ម និងការពារជាតិ នឹងផលិតរថក្រោះចំនួន ១១៧គ្រឿង ហើយក្រុមហ៊ុន Polish Armaments Group ដែលគ្រប់គ្រងដោយរដ្ឋប៉ូឡូញ នឹងផលិតតួលេខដែលសេសសល់ នៅក្នុងស្រុក។
Yonhap និយាយថា ពិធីចុះហត្ថលេខានឹងប្រព្រឹត្តទៅនៅចុងខែមិថុនានេះនៅប៉ូឡូញ ដោយដកស្រង់ប្រភពឧស្សាហកម្មអនាមិក។ គួរឱ្យដឹងថា ក្នុងឆ្នាំ២០២២ កូរ៉េខាងត្បូង និងប៉ូឡូញ បានឈានដល់កិច្ចព្រមព្រៀងសព្វាវុធ ១៣,៧ពាន់លានដុល្លារ ដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងសេអ៊ូល រួមមានការផ្គត់ផ្គង់រថក្រោះ K2 របស់កូរ៉េខាងត្បូង គ្រាប់រ៉ូកែត និងយន្តហោះចម្បាំងទៅកាន់ប៉ូឡូញ។
Yonhap រាយការណ៍បន្ថែមថា កិច្ចសន្យាផ្គត់ផ្គង់រថក្រោះ K2 ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងទូលំទូលាយក្នុងឆ្នាំ២០២២នោះ ត្រូវរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំមុន ប៉ុន្តែហាក់ដូចជាត្រូវពន្យារពេល មួយផ្នែកដោយសារតែវិបត្តិនយោបាយរបស់កូរ៉េខាងត្បូង ជុំវិញច្បាប់អាជ្ញាសឹក៕

