យោធាអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យជនស៊ីវិលចាកចេញពីកំពង់ផែយេម៉ែនចំនួន ៣ ខណៈដែលខ្លួនរៀបចំការវាយប្រហារប្រឆាំងនឹងទីតាំងដែលកាន់កាប់ដោយក្រុមឧទ្ទាមហ៊ួទី ដែលបានបាញ់មី ស៊ីលទៅលើអ៊ីស្រាអែល។

លោកវរសេនីយ៍ឯក Avichay Adraee អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានបង្ហោះជាភាសាអារ៉ាប់ នៅលើបណ្តាញសង្គម X និង Telegram ថា៖«ដោយសារតែការប្រើប្រាស់កំពង់ផែសមុទ្រដោយរបបភេរវករ ហ៊ួទី យើងអំពាវនាវឲ្យមនុស្សទាំងអស់ដែលមានវត្តមាន» នៅក្នុងកំពង់ផែ Ras Issa, Hodeida និង Salif «ឲ្យពួកគេជម្លៀសចេញជាបន្ទាន់ ដើម្បីសន្តិសុខផ្ទាល់ខ្លួន»។
អ៊ីស្រាអែលបានធ្វើការវាយប្រហារជាច្រើនលើកមកលើយេម៉ែន បន្ទាប់ពីការបាញ់មីស៊ីលជាច្រើនគ្រាប់។ ក្រុមហ៊ួទីនិយាយថា ការវាយប្រហាររបស់ពួកគេ គឺដើម្បីគាំទ្រជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។
