ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍រំលឹកអំពីរឿងរ៉ាវ ជាប្រវត្តិសាស្ត្រទាក់ទងអំពីប្រវត្តិគយកម្ពុជា ដែលជាសេវាអធិបតេយ្យឯករាជ្យរបស់កម្ពុជា ហើយសម្តេចរម្លឹកថា អ្នកដែលមិនដឹងប្រវត្តិសាស្ត្រនោះ សូមកុំមួលបង្កាច់ការពិតជាប្រវត្តិសាស្ត្រ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលគយអគារសាលាជាតិគយ និងអគារសារៈមន្ទីរគយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ២៣ធ្នូនេះ ។
សម្តេចតេជោ បានរំលឹកពីរឿងរ៉ាវសំខាន់ៗជាច្រើន ទាក់ទងនឹងដំណើររឿងនៃការបង្កើតគយកម្ពុជា ដែលរឿងរ៉ាងជាប្រវត្តិសាស្ត្រទាំងនោះ មិនអាចកាត់ផ្តាច់ពីស្នាព្រះហត្ថនៃព្រះរាជ្យកិច្ចរបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ លើការតស៊ូទាមទារឯករាជ្យពីអាណានិគមនិយមបារាំងរួមទាំងការទាមទារនូវសេវាគយត្រឡប់មកវិញបានឡើយ ទាំងនេះបាននាំឱ្យយើងមានសមិទ្ធផលរីកចម្រើនរហូតមកដល់សព្វថ្ងៃ។
ជាមួយគ្នានេះ សម្តេចក៏បានរំលឹកអំពីការដែលពីអតីតកាលមានជនបរទេសមកចរចាសុំទិញសេវាគយកម្ពុជា ដែលសម្តេចចាត់ទុកថាសេវាគយ ជាសេវាអធិបតេយ្យ និងឯករាជ្យភាពរបស់ខ្មែរ ដែលសម្តេចប្រឆាំងដាច់ខាតមិនអាចលក់ឱ្យជនបរទេសបានឡើយ។
ក្នុងន័យនេះ សម្តេចបានបញ្ជាក់ថា៖ បើយើងផឹកទឹក ត្រូវនឹកដល់ប្រភពទឹក បើទទួលទានផ្លែឈើនឹកដល់អ្នកដាំដើមឈើ។
សម្តេច ក៏បានរំលឹកទៅដល់រឿងរ៉ាវនៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលពេលនោះមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធកន្លែងធ្វើការនៅឡើយ ដែលរដ្ឋាភិបាលជំនាន់នោះបានខិតខំប្រឹងប្រែងរៀបចំឡើងវិញ ហើយបានខិតខំអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។
សម្តេច បានបន្តការការសម្ពោធសមិទ្ធផលនាថ្ងៃនេះ គឺជាការធ្វើទំនើបកម្មដឹកនាំគ្រប់គ្រងក្បាលម៉ាស៊ីនរដ្ឋគួរជាទីមោទនៈ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សដែលពីមុននោះ មុំទី៤ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល (ទឹក ផ្លូវ ភ្លើង មនុស្ស) ប៉ុន្តែក្រោយមកការបណ្តុះបណ្តាលធនធានមនុស្ស ត្រូវបានលើកយកមកជាអាទិភាពមុំទី១វិញ គឺ(មនុស្ស ទឹក ផ្លូវ ភ្លើង) ដោយបច្ចុប្បន្ន យើងត្រូវរុញច្រានទៅមុខព្រមគ្នាសម្រាប់ការអភិវឌ្ឍ ទាំងផ្នែករឹងនិងផ្នែកទន់ឱ្យទៅជាមួយគ្នាតែម្តង ៕ អត្ថបទ៖ មុត សុទ្ធ




