អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់សារព័ត៌មាន AFPថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គួរតែប្រាប់មេដឹកនាំអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu)ថា «ល្មមៗបានហើយ» ដោយថ្កោលទោសការបន្តសង្រ្គាមនៅតំបន់ហ្កាហ្សាថា ជា «ឧក្រិដ្ឋកម្ម» ហើយទទូចថា ដំណោះស្រាយរដ្ឋពីរ គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់ជម្លោះនេះ។
លោក Ehud Olmert ដែលជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ ២០០៦-២០០៩ បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ នៅទីក្រុងប៉ារីសថា សហរដ្ឋអាមេរិក មានឥទ្ធិពលលើរដ្ឋាភិបាលអ៊ីស្រាអែល «ជាងមហាអំណាចផ្សេងទៀតទាំងអស់ ដែលបានរួមគ្នា» ហើយថា ត្រាំ អាច«ធ្វើឲ្យមានភាពខុសប្លែកគ្នាបាន»។

លោកបាននិយាយថា លោក ណេតាន់យ៉ាហ៊ូ «បានបរាជ័យទាំងស្រុង» ក្នុងនាមជាមេដឹកនាំមួយរូប ដោយមិនបានទប់ស្កាត់ការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ពីសំណាក់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសដែលបានបង្កសង្គ្រាមនេះ។
លោកបាននិយាយថា ខណៈដែលសហគមន៍អន្តរជាតិទទួលយកសិទ្ធិការពារស្វ័យការពាររបស់អ៊ីស្រា អែល បន្ទាប់ពីថ្ងៃទី ០៧ ខែតុលា ស្ថានភាពនេះ បានផ្លាស់ប្តូរ នៅពេលដែលលោក ណេតាន់យ៉ាហ៊ូ បានលះបង់ឱកាស ដើម្បីបញ្ចប់សង្រ្គាម នៅក្នុងខែមីនា ហើយជំនួសមកវិញ បានបង្កើនប្រតិបត្តិការកាន់តែខ្លាំងឡើង។
លោក Olmert បានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូថា «មានផលប្រយោជន៍ផ្ទាល់ខ្លួន ដែលត្រូវបាន ផ្តល់អាទិភាពច្រើនជាងអ្វីដែលអាចជាផលប្រយោជន៍ជាតិ»។
