អ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី១០ ខែមិថុនា) បានប្រាប់ឲ្យដឹងថា អ្នកធ្វើយុទ្ធនាការអាកាសធាតុស៊ុយអែត នាង Greta Thunberg និងសកម្មជនផ្សេងទៀតដែលត្រូវបានឃុំខ្លួននៅលើទូកផ្ដល់ជំនួយតម្រង់ឆ្ពោះទៅកាន់តំបន់ហ្កាហ្សា ត្រូវបាននាំទៅកាន់អាកាសយានដ្ឋានទីក្រុង Tel Aviv ដើម្បីនិរទេសខ្លួន បន្ទាប់ពីនាវារបស់ពួកគេត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងជើងទឹក។
ក្រុមសកម្មជននេះ បានចាកចេញពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី១ ខែមិថុនា តាមនាវាឈ្មោះ Madleen ដោយដឹកស្បៀងអាហារ និងសម្ភារផ្គត់ផ្គង់ផ្សេងទៀត សម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា ជាទីដែលអង្គការសហប្រជាជាតិព្រមានថា មនុស្សគ្រប់គ្នាមានហានិភ័យប្រឈមនឹងគ្រោះទុរ្ភិក្ស។ កងកម្លាំងអ៊ីស្រាអែលបានស្ទាក់ចាប់ទូកនេះនៅក្នុងដែនទឹកអន្តរជាតិ កាលពីថ្ងៃចន្ទ ហើយបាននាំទៅកាន់កំពង់ផែ Ashdod។

ក្រសួងការបរទេសអ៊ីស្រាអែលបានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «អ្នកដំណើរលើទូក Selfie Yacht (ឈ្មោះហៅក្រៅ) បានទៅដល់អាកាសយានដ្ឋាន Ben Gurion ដើម្បីចាកចេញពីប្រទេសអ៊ីស្រាអែល ហើយត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ អ្នកដែលបដិសេធមិនចុះហត្ថលេខាលើឯកសារនិរទេស ហើយចាកចេញពីអ៊ីស្រាអែលទេនោះ នឹងត្រូវនាំទៅដំណើរការតាមច្បាប់ នៅតុលាការ»។
ក្រុមជំនួយមនុស្សធម៌ Freedom Flotilla Coalition ដែលជាក្រុមសកម្មជនប្រតិបត្តិការនាវានេះ បានឲ្យដឹងថា អ្នកធ្វើយុទ្ធនាការទាំង ១២នាក់ «កំពុងត្រូវបានដំណើរការផ្ទេរទៅកាន់កន្លែងឃុំឃាំងរបស់អាជ្ញាធរអ៊ីស្រាអែល»។ ក្រុមនេះបានបន្ថែមនៅលើបណ្ដាញសង្គមថា «អ្នកទាំងនោះអាចនឹងត្រូវបានអនុញ្ញាតឲ្យហោះហើរចេញពីទីក្រុង Tel Aviv នៅព្រឹកនេះ»៕
