ស្ថាប័នសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ (ទី៩ ខែមិថុនា) បានប្រាប់ឲ្យដឹងថា ដោយប្រើប្រាស់ព័ត៌មានចារកម្មដែលខ្លួនទទួលបាន អំពីទីតាំងនុយក្លេអ៊ែររបស់អ៊ីស្រាអែល កងកម្លាំងអ៊ីរ៉ង់អាចបើកការវាយប្រហារតបវិញ ប្រសិនបើអ៊ីស្រាអែលវាយប្រហារសាធារណរដ្ឋឥស្លាម។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានព្រមានម្តងហើយម្តងទៀតថា ខ្លួនអាចវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយប្តេជ្ញារារាំងសត្រូវដ៏ស្រួចស្រាល់របស់ខ្លួនកុំឲ្យទទួលបានគ្រាប់បែកបរមាណូ ជាអ្វីដែលទីក្រុងតេអេរ៉ង់តែងតែបានបដិសេធថា ខ្លួនមិនបាន និងកំពុងប្រឹងប្រែងផលិតនោះឡើយ។ ហើយការព្រមានរបស់អ៊ីស្រាអែលនេះ បានកើនឡើងចាប់តាំងពីទីក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរ កាលពីខែមេសា។
ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រភពស៊ើបការណ៍សម្ងាត់ដែលអ៊ីរ៉ង់បានអះអាងថា ខ្លួនទទួលបាន «នឹងអាចឲ្យក្រុមយុទ្ធជននៃសាសនាឥស្លាមអាចវាយប្រហារភ្លាមៗ លើទីតាំងនុយក្លេអ៊ែរ (របស់អ៊ីស្រាអែល) ដែលស្ថិតនៅក្នុងទីកំបាំង ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដែលអាចកើតមានដោយរបបគាំទ្រលិទ្ធិហ្សាអឺន មកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់»។
ហើយលើសពីនោះទៀត ក្រុមប្រឹក្សានេះក៏បានបញ្ជាក់បន្ថែមថា អ៊ីរ៉ង់នឹងឆ្លើយតបក្នុងលក្ខណៈ «សមស្របជាក់លាក់» ចំពោះការវាយប្រហារណាមួយរបស់អ៊ីស្រាអែល លើផ្នែកយោធា ឬហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន៕
