ប្រមុខចារកម្មបរទេសរបស់អាល្លឺម៉ង់ បានប្រាប់អង្គភាពព័ត៌មាន Table Media ថា រុស្ស៊ីកំពុងព្យាយាមសាកល្បងភាពរឹងមាំរបស់សម្ព័ន្ធភាពណាតូ (NATO) ដោយក្នុងនោះរួមទាំងការពង្រីកការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិច ដែលហួសពីព្រំដែនរបស់ប្រទេសអ៊ុយក្រែនទៅទៀត។
ប្រធានផ្នែកសេវាស៊ើបការណ៍សម្ងាត់សហព័ន្ធ លោក Bruno Kahl បាននិយាយថា ទីភ្នាក់ងាររបស់លោកមានតម្រុយចារកម្មច្បាស់លាស់ ដែលមន្ត្រីរុស្ស៊ីជឿថា កាតព្វកិច្ចការពារជាតិរួម ដែលមានចែងនៅក្នុងសន្ធិសញ្ញា របស់អង្គការណាតូ លែងមានកម្លាំងជាក់ស្តែងទៀតហើយ។

អំឡុងបទសម្ភាសន៍ជាផតឃែស្ថ លោក Kahl បានប្រាប់សារព័ត៌មាន Table Media ថា៖ «ដោយយើងមានព័ត៌មានចារកម្មដែលបង្ហាញពីតម្រុយនោះ យើងជឿជាក់យ៉ាងមុតមាំថា អ៊ុយក្រែនគ្រាន់តែជាជំហានបូង ក្នុងការធ្វើដំណើរទៅទិសខាងលិចប៉ុណ្ណោះ»។ លោកបានបន្ថែមថា៖ «នោះមិនមានន័យថា យើងរំពឹងថា កងទ័ពរថក្រោះនឹងធ្វើដំណើរឆ្ពោះទៅទិសខាងលិចនោះឡើយ។ ប៉ុន្តែយើងមើលឃើញថា ការសន្យាការពាររួមរបស់អង្គការណាតូ កំពុងត្រូវបានសាកល្បង»។
ដោយមិនលម្អិតពីលក្ខណៈនៃប្រភពស៊ើបការណ៍សម្ងាត់របស់លោក លោក Kahl បានបញ្ជាក់ថា មន្ត្រីរុស្ស៊ីកំពុងសម្លឹងដល់បង្កើតការប្រឈមមុខដាក់គ្នា ដែលមិនមានការចូលរួមផ្នែកយោធាទាំងស្រុងនោះឡើយ ពោលគឺដើម្បីគ្រាន់តែសាកល្បងមើលថា តើសហរដ្ឋអាមេរិកពិតជានឹងបំពេញតាមកាតព្វកិច្ចជួយការពារគ្នាទៅវិញទៅមកក្រោមមាត្រា ៥ នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើងដែរ ឬទេ៕
