អាជ្ញាធរអាកាសចរណ៍ស៊ីវិល Rosaviatsia បានឲ្យដឹងថា យន្តហោះដែលមានមនុស្ស ៥នាក់ជិះនៅលើនោះ ក្នុងនោះរួមទាំងអ្នកបើកបរ ២នាក់ផងដែរ បានបាត់ការទាក់ទង នៅក្នុងព្រៃជ្រៅនៃតំបន់ស៊ីបេរី នៅថ្ងៃអង្គារ (ទី១០ ខែមិថុនា) នេះ។

ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា យន្តហោះធុន Antonov An-2 ជាយន្តហោះស្លាប ២ជាន់ម៉ាស៊ីនទោលផលិតក្នុងចំនួនយ៉ាងច្រើនរបស់សូវៀត ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់គោលបំណងកសិកម្ម និងត្រួតពិនិត្យព្រៃឈើ បានចេញសញ្ញាមានបញ្ហា ពេលហោះនៅលើតំបន់ព្រៃ Yakutia នៅភាគឦសាននៃប្រទេសរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមរយៈកម្មវិធីផ្ញើសារ Telegram អាជ្ញាធរ Rosaviatsia បានឲ្យដឹងថា យន្តហោះស្វែងរក និងជួយសង្គ្រោះ ត្រូវបានបញ្ចូនទៅរកទីតាំងយន្តហោះនោះ ដែលកំពុងត្រួតពិនិត្យព្រៃឈើពីលើអាកាស៕
