អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី១០ ខែមិថុនា) នេះ បានឲ្យដឹងនៅក្នុងរបាយការណ៍ថា អ៊ីស្រាអែលបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ដោយ «ទង្វើសម្លាប់រង្គាល» តាមរយៈការសម្លាប់ជនស៊ីវិលដែលស្នាក់នៅក្នុងសាលារៀន និងទីកន្លែងសាសនា នៅតំបន់ហ្កាហ្សា ដែលជាផ្នែកនៃ «យុទ្ធនាការចម្រុះ ដើម្បីបំផ្លាញអាយុជីវិតជនប៉ាឡេស្ទីន»។
គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់ UN ស្តីពីដែនដីកាន់កាប់ប៉ាឡេស្ទីន ក្នុងនោះរួមទាំងនៅទីក្រុងហ្សេរុយសាឡឹមខាងកើតផងដែរ និងអ៊ីស្រាអែល គ្រោងនឹងបង្ហាញរបាយការណ៍នេះទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៧ ខែមិថុនា។

អតីតឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Navi Pillay ដែលជាប្រធានគណៈកម្មការ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងកំពុងឃើញការចង្អុលបង្ហាញកាន់តែច្រើនឡើងៗ ដែលថា អ៊ីស្រាអែលកំពុងអនុវត្តយុទ្ធនាការចម្រុះមួយ ដើម្បីបំផ្លាញអាយុជីវិតជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា»។
លោកស្រីបានបន្ថែមថា៖ «ការកំណត់គោលដៅរបស់អ៊ីស្រាអែល លើការអប់រំ វប្បធម៌ និងសាសនារបស់ប្រជាជនប៉ាឡេស្ទីន នឹងបង្កគ្រោះថ្នាក់ដល់មនុស្សជំនាន់បច្ចុប្បន្ននេះ និងជំនាន់ក្រោយៗទៀត ដែលជាការបំបិទសិទ្ធិក្នុងការសម្រេចចិត្តរបស់ពួកគេ»។
គណៈកម្មាការ បានពិនិត្យមើលការវាយប្រហារលើទីកន្លែងអប់រំ និងសាសនា និងវប្បធម៌ ដើម្បីវាយតម្លៃថា តើច្បាប់អន្តរជាតិត្រូវបានបំពានដែរ ឬទេ។ អ៊ីស្រាអែលបានដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីខែកុម្ភៈ ដោយចោទប្រកាន់ស្ថាប័ននេះថា មានភាពលម្អៀង៕


