ប្រទេសបារាំង បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmud Abbas) បាននិយាយថា ក្រុមហាម៉ាស «ត្រូវតែប្រគល់អាវុធរបស់ខ្លួន» និងបានអំពាវនាវឲ្យមានការដាក់ពង្រាយកងកម្លាំងអន្តរជាតិ ដើម្បីការពារ «ប្រជាជនប៉ាឡេស្ទីន»។
នៅក្នុងលិខិតមួយផ្ញើជូនប្រធានាធិបតីបារាំងលោក អាម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) និងព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងខែនេះ នឹងធ្វើជាសហប្រធានសន្និសីទស្តីពីដំណោះស្រាយរដ្ឋពីរសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន លោក អាបាស បានគូសបញ្ជាក់ពីជំហានសំខាន់ៗ ដែលលោក គិតថា ត្រូវតែធ្វើឡើង ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងទទួលបានសន្តិភាពនៅមជ្ឈិមបូព៌ា។

លោក អាបាស បានសរសេរថា៖«ក្រុមហាម៉ាស នឹងលែងគ្រប់គ្រងតំបន់ហ្កាហ្សាទៀតហើយ ហើយត្រូវតែប្រគល់អាវុធ និងសមត្ថភាពយោធារបស់ខ្លួន ទៅឲ្យកងកម្លាំងសន្តិសុខប៉ាឡេស្ទីន”។
លោកបាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្នើកងកម្លាំងអារ៉ាប់ និងអន្តរជាតិ ឲ្យដាក់ពង្រាយជាផ្នែកមួយនៃបេសកកម្មរក្សាស្ថិរភាព/ការការពារ ជាមួយនឹងអាណត្តិរបស់ក្រុមប្រឹក្សាសន្តិសុខ (UN)។
សន្និសិទនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅចុងខែនេះ នឹងមានគោលបំណងស្តារឡើងវិញនូវគំនិតនៃដំណោះស្រាយរដ្ឋពីរ ដែលបច្ចុប្បន្នអ៊ីស្រាអែលគ្រប់គ្រងផ្នែកដ៏ធំនៃទឹកដីប៉ាឡេស្ទីន។
