អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយ នៅថ្ងៃអង្គារនេះថា អ៊ីស្រាអែលបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិនៃ «ការសម្លាប់រង្គាល» ដោយការសម្លាប់ជនស៊ីវិលដែលស្នាក់នៅក្នុងសាលារៀន និងកន្លែងសាសនា នៅតំបន់ហ្កាហ្សា ដែលជាផ្នែកនៃ «យុទ្ធនាការប្រមូលផ្តុំដើម្បីផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីន»។
គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់អង្គការសហប្រជាជាតិស្តីពីទឹកដីប៉ាឡេស្ទីន រួមទាំងហ្ស៊េ រុយសាឡឹមខាងកើត និងអ៊ីស្រាអែល គ្រោងនឹងបង្ហាញរបាយការណ៍នេះ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សUN ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ១៧ ខែមិថុនា។

លោកស្រី Navi Pillay អតីតឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលជាប្រធានគណៈកម្មការ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងកំពុងឃើញការចង្អុលបង្ហាញកាន់តែច្រើនឡើងថា អ៊ីស្រាអែលកំពុងអនុវត្តយុទ្ធនាការរួមគ្នាមួយ ដើម្បីសម្លាប់ជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា»។
លោកស្រីបានបន្ថែមថា៖ «ការកំណត់គោលដៅរបស់អ៊ីស្រាអែលចំពោះជីវិតប្រជាជនប៉ាឡេស្ទីននៅផ្នែក
អប់រំ វប្បធម៌ និងសាសនា នឹងបង្កគ្រោះថ្នាក់ដល់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត ដែលរារាំងសិទ្ធិក្នុងការសម្រេចចិត្តរបស់ពួកគេ»។
