ក្រសួងសុខាភិបាលលីបង់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ឪពុកនិងកូនប្រុសជនជាតិលីបង់ម្នាក់ នៅភូមិភាគខាងត្បូងមួយ នៅថ្ងៃអង្គារនេះ។
ទីភ្នាក់ងារព័ត៌មានជាតិដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា កូនប្រុសទី២ ក៏រងរបួសផងដែរ នៅក្នុងការវាយប្រហារ នៅភូមិShebaa។ ពុំ មានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលទេ។
សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា៖«យានដ្រូនរបស់អ៊ីស្រាអែលដែលជាសត្រូវ បានធ្វើការវាយប្រហារ នៅក្នុងភូមិ Shebaa ដោយបានសម្លាប់មនុស្សពីរនាក់ និងរបួសម្នាក់»។
អ៊ីស្រាអែលបានព្រមានកាលពីថ្ងៃសុក្រថា ខ្លួននឹងបន្តការវាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡា នៅទូទាំងប្រទេសលីបង់ បើទោះបីជាមានការថ្កោលទោសដែលបង្ហាញដោយរដ្ឋាភិបាលលីបង់ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងបេរូតភាគខាងត្បូង កាលពីពេលល្ងាច នៅមុនថ្ងៃបុណ្យ Eid Al-Adhaក៏ដោយ។