ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបខ្លាំង ដែលបានកើតមានពាសពេញប្រទេសអាហ្រ្វិកខាងត្បូង ចាប់តាំងពីចុងសប្តាហ៍មកនោះ បាននាំឲ្យមានព្រិលធ្លាក់ខ្លាំង ដែលបណ្ដាលឲ្យមានការបិទផ្លូវ ការដាច់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ចរាចរណ៍ ដែលប៉ះពាល់អាយុជីវិត។
អ្នកនាំពាក្យនាយកដ្ឋានដឹកជញ្ជូន Eastern Cape លោក Unathi Binqose បានប្រាប់ទូរទស្សន៍ក្នុងស្រុក Newzroom Afrika នៅថ្ងៃអង្គារ (ទី១០ ខែមិថុនា) នេះថា មនុស្ស ៥នាក់ បានស្លាប់អំឡុងពេលមានគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តោយផ្លូវហាយវេ N2 ដោយសារតែអាកាសធាតុអាក្រក់។
សេវាកម្មអាកាសធាតុអាហ្រ្វិកខាងត្បូង បានព្រមានពលរដ្ឋកាលពីចុងសប្តាហ៍មុនថា នឹងមានការធ្លាក់ចុះសីតុណ្ហភាពខ្លាំង ក្នុងសប្តាហ៍នេះ នៅទូទាំងប្រទេស ដែលអមមកដោយភ្លៀងធ្លាក់ ខ្យល់ និងព្រិលធ្លាក់ដ៏បំផ្លិចបំផ្លាញ នៅតំបន់ភាគខាងកើត។
គួរបញ្ជាក់ថា អាហ្រ្វិកខាងត្បូងមានព្រិលធ្លាក់ជាទៀងទាត់ ក្នុងអំឡុងរដូវរងា ចាប់ពីខែមិថុនា ដល់ខែសីហា ដោយសីតុណ្ហភាពធ្លាក់ចុះនៅក្រោមសូន្យអង្សាសេ៕