កំពង់ធំ ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ រៀបចំមណ្ឌលប្រឡងចំនួន ១០មណ្ឌល ស្មើរ ១៩៥បន្ទប់ មានបេក្ខសរុប ជាង៤,៨០០នាក់ ដើម្បីត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ធំ ប្រាប់ទូរទស្សន៍ BTV នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរខេត្ត ត្រៀម រួចរាល់ហើយចំពោះដំណើរការនៃប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។
លោកបន្តថា សិស្សក្នុងមួយបន្ទប់ប្រឡងយ៉ាងច្រើនបំផុតចំនួន២៥នាក់ រក្សាគំលាតពីសិស្សម្នាក់ ទៅម្នាក់ទៀតយ៉ាងហោចណាស់ ១,៥ម៉ែត្រ និងបានត្រៀមការឧបករណ៍អនាម័យ មានអាស់កុល ម៉ាស់ ឬជែលគ្រប់បន្ទប់ ទន្ទឹមនេះគ្រប់គ្រប់មណ្ឌលប្រឡងទាំងអស់ ក៏បានត្រៀមក្រុមគ្រូពេទ្យសម្រាប់ធ្វើតេស្តរហ័ស ដល់សិស្សដែលអាការៈសង្ស័យ មានរោគសញ្ញាវិជ្ជមានកូវីដ១៩ផងដែរ។ ក្នុងករណី ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ សិស្សទាំងអស់នោះ ត្រូវបានរៀបចំដាក់ដោយឡែកនៅក្នុងបន្ទប់ផ្សេង ដែលត្រូវបានរៀបចំរួច គ្រប់មណ្ឌលប្រឡង។
លោក បន្ថែមថា ចំពោះសិស្សក្រីក្រ ដែលមានជីវភាពខ្វះខាត មិនមានការជួយគាំទ្រពីអ្នក ពាក់ព័ន្ធផ្សេងៗ មន្ទីរអប់រំ យុវជន និងកីឡាចរត្ត និងយុវជន ស.ស.យ.ក ខេត្តកំពង់ធំ ត្រៀមកន្លែងស្នាក់នៅចំនួន ៤ទីតាំង នៅជិតមណ្ឌលប្រឡង ដែលមាននៅ មណ្ឌលបុរីកុមារខេត្ត មន្ទីរវប្បធម៌ខេត្ត ការិយាល័យយុវជន នៅភូមិបល្ល័ង្កកើត នៅជិតមណ្ឌលប្រឡងចំនួនអគារ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយការរៀបចំកន្លែងស្នាក់នៅនេះដែរ ស.ស.យ.ក ខេត្ត បានរៀបចំម្ហូមអាហារសម្រាប់សិស្សខ្វះលទ្ធភាពផងដែរ៕




