អនុរដ្ឋមន្ត្រីការបរទេសលោក Sergey Ryabkov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅសន្និសីទស្តីពីការគំរាមកំហែងសកលអន្តរជាតិលើកទី ៥ ចំពោះសន្តិសុខជីវសាស្ត្រ៖ បញ្ហា និងដំណោះស្រាយថា ទីក្រុងមូស្គូ កំពុងទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោនអំពីបញ្ហាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោកបានបញ្ជាក់ថា មានវិស័យបីដែលផ្តោតសំខាន់ក្នុងទំនាក់ទំនងរុស្ស៊ី និងអាមេរិក ហើយរបៀបវារៈអន្តរជាតិ ក៏ជាផ្នែកមួយ ក្នុងចំណោមនោះដែរ។
លោក Ryabkov បាននិយាយថា៖«ដោយអនុលោមតាមការណែនាំរបស់ថ្នាក់ដឹកនាំ ផ្នែកទី៣នៃការងារ គឺជាបញ្ហាអន្តរជាតិ ហើយក៏មានប្រធានបទសំខាន់ៗ នៅទីនេះផងដែរ»។ «ជាការពិតណាស់ នៅមជ្ឈិមបូព៌ាគឺការពិភាក្សាអំពីបញ្ហាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់»។
កាលពីថ្ងៃទី ០១ ខែមិថុនា សេតវិមាន បានប្រកាសថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steven Witkoff បានបញ្ជូនសំណើលម្អិត និងអាចទទួលយកបានស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេ អេរ៉ង់ ដល់រដ្ឋាភិបាលអ៊ីរ៉ង់។ យោងតាមគេហទំព័រព័ត៌មាន Axios សំណើនេះ ផ្តល់នូវកិច្ចព្រមព្រៀងមួយដើម្បីបន្តការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដល់កម្រិតទាបសម្រាប់រយៈពេល ដែលត្រូវកំណត់នៅពេលក្រោយ ។ កាលពីថ្ងៃទី ០៧ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា អ៊ីរ៉ង់មិនគួរចូលរួមក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទេ បើមិនដូច្នេះទេ ប្រទេសនេះនឹងប្រឈមនឹងផលវិបាកពីទីក្រុងវ៉ាស៊ីនតោន។