ក្រុមទ័ពព្រៃប្រឆាំងរបបធ្វើរដ្ឋប្រហារ នៅសហភាពមីយ៉ាន់ម៉ា បានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់របបយោធា នៅថ្ងៃអង្គារ (ទី១០ ខែមិថុនា) ដោយបានប្រកាសពីជ័យជម្នះដ៏កម្រមួយលើកងទ័ពអាកាស ដែលបានរារាំងការរុលទៅមុខរបស់ពួកគេ នៅក្នុងសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមនេះ។
តែយ៉ាងណាក្ដី យោធាបានច្រានចោលការអះអាងរបស់ពួកគេភ្លាមៗមួយរំពេច ដោយប្រាប់ថា យន្តហោះបានធ្លាក់នៅក្បែរភាគកណ្តាលនៃភូមិ Min Taing Pin ប្រហែលជាថ្ងៃត្រង់ ដោយសារតែ «ម៉ាស៊ីនគាំងភ្លាមៗ» ខណៈពេលកំពុងប្រតិបត្តិការ «ហោះហើរ»។
សូមបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមស៊ីវិល ចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលប្រជាធិបតេយ្យពីអំណាច នៅឆ្នាំ២០២១ ប៉ុន្តែអ្នកវិភាគលើកឡើងថា កងកម្លាំងទ័ពអាកាសរបស់របបនេះគាំទ្រដោយរុស្ស៊ី និងចិន មានលទ្ធភាពវាយរុញច្រានក្រុមប្រឆាំងជាច្រើនដែលមិនសូវមានគ្រឿងយុទ្ធោបករណ៍គ្រប់គ្រាន់។
យោធា និងគូអរិមួយចំនួន បានយល់ព្រមឲ្យមានបទឈប់បាញ់ ក្នុងខែនេះ ខណៈដែលប្រទេសនេះ នៅតែបន្តងើបឡើងវិញពីគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ កាលពីខែមីនា ជាគ្រោះធម្មជាតិដែលបានឆក់យកជីវិតមនុស្សជិត ៣.៨០០នាក់។
ប៉ុន្តែកងទ័ពរំដោះប្រជាជន (PLA) ដែលជាអង្គភាពប្រដាប់អាវុធនៃក្រុមកុម្មុយនីស្តមីយ៉ាន់ម៉ា បានប្រាប់ថា យុទ្ធជនរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះ បន្ទាប់ពីមានការប្រយុទ្ធយ៉ាងខ្លាំងក្លារយៈពេល ៤ថ្ងៃ នៅភាគកណ្ដាលតំបន់ Sagaing ជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយសាររញ្ជួយដី៕