សារព័ត៌មាន The Times នៅថ្ងៃអង្គារ (ទី១០ ខែមិថុនា) នេះ បានរាយការណ៍ថា ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តអន្តរជាតិផ្សេងទៀត នឹងដាក់ទណ្ឌកម្មជាផ្លូវការដល់រដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមជ្រុល ២រូប គឺលោក Itamar Ben-Gvir និងលោក Bezalel Smotrich បន្ទាប់ពីមានចំណែករួមរបស់ពួកគេ ក្នុងសង្គ្រាម នៅតំបន់ហ្កាហ្សា។
ទីក្រុងឡុងដ្រ៍ នឹងចូលរួមជាមួយប្រទេសកាណាដា អូស្ត្រាលី នូវែលសេឡង់ និងប្រទេសផ្សេងទៀត ក្នុងការបង្កកទ្រព្យសម្បត្តិ និងដាក់បម្រាមហាមធ្វើដំណើរចូលប្រទេស ចំពោះរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Ben-Gvir ដែលជាអ្នកតាំងទីលំនៅ នៅតំបន់ West Bank និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Smotrich។
ការិយាល័យបរទេសរបស់ចក្រភពអង់គ្លេសមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញសេចក្ដីរាយការណ៍នេះ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស ក៏ដូចជាបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត បាននិងកំពុងបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឲ្យបញ្ចប់ការរាំងខ្ទប់មិនឲ្យជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ដែលអ្នកជំនាញអន្តរជាតិ បានព្រមានថា ទុរ្ភិក្សនឹងកើតមាន៕