ក្រុមអ្នកជួយសង្គ្រោះ បានប្រាប់ឲ្យដឹងថា មនុស្ស ២នាក់ បានបាត់បង់ជីវិត អំឡុងការវាយប្រហារដោយយានដ្រូនដាច់ដោយឡែកពីគ្នា នាថ្ងៃអង្គារ (ទី១០ ខែមិថុនា) ទៅលើរថយន្ត និងម៉ូតូ នៅប្រទេសស៊ីរី។
ភ្លាមៗនេះ មិនទាន់មានការអះអាងទទួលខុសត្រូវនៅឡើយទេ ចំពោះការវាយប្រហារដោយយានដ្រូនចំនួន២ នៅក្នុងតំបន់ Idlib ប៉ុន្តែកន្លងមក ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងប្រទេសស៊ីរី បានធ្វើការវាយប្រហារលើក្រុមជ្រុលនិយម នៅក្នុងតំបន់នេះ។
នៅដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានប្រាប់ថា ខ្លួនបានសម្លាប់មេបញ្ជាការជាច្រើនរូបនៃក្រុមដែលមានសម្ព័ន្ធជាមួយក្រុមអាល់កៃដា គឺក្រុម Hurras al-Din នៅក្នុងតំបន់នោះ។ ក្រុមនេះបានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងរំសាយកម្លាំងរបស់ខ្លយន តាមបញ្ជារបស់រដ្ឋាភិបាលបណ្តោះអាសន្ន ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីមានការដួលរំលំនៃរបបរបស់លោក Bashar al-Assad កាលពីខែធ្នូឆ្នាំមុន។
គួរបញ្ជាក់ថា ទាហានអាមេរិកត្រូវបានដាក់ពង្រាយនៅស៊ីរី ជាផ្នែកមួយនៃក្រុមចម្រុះដឹកនាំដោយអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS។ ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕