ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹង គណបក្សប្រជា ជនកម្ពុជា គ្រោងនឹងបើកសន្និបាតរបស់ខ្លួន រយៈពេលមួយព្រឹកនៅថ្ងៃទី២៤ ខែធ្នូនេះហើយ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលគយ នាព្រឹកថ្ងៃទី ២៣ ខែធ្នូនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបើកសន្និបាត គណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេលតែមួយព្រឹកទេ នៅថ្ងៃស្អែក។
កាលពីពេលថ្មីៗនេះ ក្នុងពេលអញ្ជើញទៅពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិក្រុងតាខ្មៅនោះ សម្តេចតេជោ បានបង្ហើបអំពីការរៀបចំបេក្ខភាពបេក្ខជន សម្រាប់តំណែងនាយករដ្ឋមន្ត្រីបន្តវេន ក៏ដូចជាគណៈរដ្ឋមន្ត្រីថ្មីសម្រាប់ អាណត្តិពេលអនាគត។
ប៉ុន្តែទោះជាយ៉ាងណាក៏នៅពេលថ្មីៗនេះ សម្តេចបានបញ្ជាក់ថា ការគ្រោងបេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រី ឬសមាសភាពគណៈរដ្ឋមន្ត្រី ដែលភាគច្រើនជាមន្ត្រីវ័យក្មេង ដែលមានសញ្ញាបត្រថ្នាក់បណ្ឌិត ឬអនុបណ្ឌិតនោះ មិនមែនសម្រាប់ពេលអាណត្តិចំពោះមុខនេះទេ ហើយនៅពេលបើកសន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា ប្រធានបទអំពីការរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ជាពិសេសបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី នឹងត្រូវលើកយកមកជជែក ៕
អត្ថបទ៖ មុត សុទ្ធ
