រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយកាលពីថ្ងៃអង្គារ (១០ មិថុនា) នៅពេលបញ្ចប់កិច្ចចរចាពាណិជ្ជកម្មរយៈពេលពីរថ្ងៃនៅទីក្រុងឡុងដ្រ៍ របស់ចក្រភពអង់គ្លេសថា ក្រុមមន្ត្រីសហរដ្ខអាមេរិក និងប្រទេសចិន បានព្រមព្រៀងលើក្របខ័ណ្ឌមួយ ដើម្បីបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ភាគីទាំងពីរឡើងវិញ និងដោះស្រាយការរឹតបន្តឹងលើការនាំចេញរបស់ចិន លើរ៉ែកម្រ និងមេដែកដ៏សំខាន់។

លោក Lutnick បានប្រាប់អ្នកយកព័ត៌មានថា ក្របខណ្ឌនោះបានដាក់ "ខ្លឹមសារពេញលេញបន្ថែម" លើកិច្ចព្រមព្រៀងដែលបានឈានដល់កាលពីខែមុនក្នុងទីក្រុងហ្សឺណែវ ដើម្បីបន្ធូរបន្ថយពន្ធសងសឹកគ្នាទៅមក រួមទាំងការគ្រប់គ្រងរបស់ចិន លើការនាំចេញសារធាតុរ៉ែសំខាន់ៗ។ លោកបន្តថា កិច្ចព្រមព្រៀងនេះក៏នឹងលុបចោលការរឹតបន្តឹងលើការនាំចេញមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះផងដែរ។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Li Chenggang ក៏បាននិយាយផងដែរថា ក្របខ័ណ្ឌពាណិជ្ជកម្មមួយត្រូវបានឈានដល់ ដែលនឹងត្រូវនាំយកទៅវិញឱ្យមេដឹកនាំសហរដ្ឋអាមេរិក និងចិនពិនិត្យ។ លោក Li បានប្រាប់អ្នកយកព័ត៌មានថា "ជាគោលការណ៍ ភាគីទាំងពីរបានឈានដល់ក្របខ័ណ្ឌមួយសម្រាប់អនុវត្តការឯកភាព ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន អំឡុងកិច្ចសន្ទនាតាមទូរសព្ទកាលថ្ងៃទី០៥ ខែមិថុនា ហើយនិងការឯកភាពគ្នាដែលបានឈានដល់នៅឯកិច្ចប្រជុំទីក្រុងហ្សឺណែវ"។
គួរឱ្យដឹងថា មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់អាមេរិក និងចិន កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយដែលនឹងបន្ធូរបន្ថយការគ្រប់គ្រងលើការនាំចេញ ដែលបានគំរាមកំហែងដល់កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ លើការកាត់បន្ថយពន្ធតបតគ្នាបីខ្ទង់របស់ប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ៕

