តុលាការឧទ្ធរណ៍សហព័ន្ធ នៅថ្ងៃអង្គារ (១០ មិថុនា) បានអនុញ្ញាតឱ្យការដំឡើងពន្ធដ៏ច្រើនបំផុតរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នៅតែមានជាធរមាន ខណៈពេលដែលខ្លួនបន្តដំណើរការត្រួតពិនិត្យសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលបានរារាំងពន្ធគយទាំងនោះ ដោយហេតុផលថា លោក Trump បានធ្វើលើសពីសិទ្ធិអំណាចរបស់លោកជុំវិញរឿងដំឡើងពន្ធនេះ។

សេចក្ដីសម្រេចរបស់តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក ប្រចាំតំបន់វ៉ាស៊ីនតោនឌីស៊ីនេះ មានន័យថា សម្រាប់ពេលនេះ លោក Trump អាចនៅតែបន្តអនុវត្តពន្ធ "ថ្ងៃរំដោះ" របស់លោក លើការនាំចូលពីដៃគូពាណិជ្ជកម្មភាគច្រើនរបស់សហរដ្ឋអាមេរិក ក៏ដូចជាសំណុំពន្ធដាច់ដោយឡែកដែលបានដាក់លើប្រទេសកាណាដា ចិន និងម៉ិកស៊ិក។
តុលាការឧទ្ធរណ៍នេះមិនទាន់សម្រេចទេថា តើពន្ធគយត្រូវបានអនុញ្ញាតក្រោមអំណាចសេដ្ឋកិច្ចគ្រាអាសន្នដែលលោក Trump បានលើកឡើងដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃពន្ធ ឬក៏យ៉ាងណានោះទេ ប៉ុន្តែតុលាការបានអនុញ្ញាតឱ្យពន្ធនេះនៅដដែលសិន ខណៈបណ្តឹងឧទ្ធរណ៍កំពុងតែដំណើរការ។
ការដំឡើងពន្ធក្នុងអត្រាផ្សេងគ្នាជាច្រើន ដែលលោក Trump ប្រើប្រាស់ជាថ្នូរចរចាជាមួយដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនោះ និងភាពមិនទៀងទាត់នៃវិធានការពន្ធ បានធ្វើឱ្យទីផ្សារ និងក្រុមហ៊ុននានារង្គោះរង្គើដោយភាពមិនច្បាស់លាស់ នៅពេលពួកគេចង់បានការគ្រប់គ្រងលើបណ្ដាញផ្គត់ផ្គង់ ផលិតកម្ម បុគ្គលិក និងតម្លៃ។ គួរឱ្យដឹងថា សេចក្តីសម្រេចនេះមិនប៉ះពាល់ដល់ពន្ធគយផ្សេងទៀតដែលត្រូវបានកំណត់ក្រោមអាជ្ញាធរផ្លូវច្បាប់ ដូចជាពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមនោះទេ៕

