រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth កាលពីថ្ងៃអង្គារ ទី ១០ ខែមិថុនា បាននិយាយការពារការដាក់ពង្រាយកងម៉ារីន និងកងឆ្មាំជាតិទៅកាន់ទីក្រុង Los Angeles ដែលត្រូវចំណាយ១៣៤លានដុល្លារ ដោយនិយាយថា ពួកគេនឹងការពារក្រុមមន្រ្តីមកពីអង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE)របស់សហរដ្ឋអាមេរិក ដែលបានប្រមូលក្រុមអ្នកល្មើសច្បាប់អន្តោប្រវេសន៍ បណ្តាលឲ្យឱ្យមានការប៉ះទង្គិចគ្នាជាច្រើនថ្ងៃ។

លោក Hegseth បាននិយាយទៅកាន់សវនាការក្នុងសភាថា «យើងជឿថា ភ្នាក់ងារអង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ(ICE) ត្រូវតែមានសុវត្ថិភាពក្នុងប្រតិបត្តិការរបស់ពួកគេ ហើយយើងបានដាក់ពង្រាយឆ្មាំជាតិ និងកងម៉ារីន ដើម្បីការពារពួកគេក្នុងការអនុវត្តភារកិច្ច»។ «ព្រោះថា យើងគួរតែអាចអនុវត្តច្បាប់អន្តោប្រវេសន៍នៅក្នុងប្រទេសនេះ»។
ទាហានម៉ារីនប្រហែល ៧០០នាក់ បានទៅដល់ទីក្រុង Los Angeles ក្រោមការបញ្ជាពីលោកប្រធានាធិបតី Donald Trump ដែលបានឲ្យកងទ័ពឆ្មាំជាតិចំនួន៤.០០០នាក់ អនុវត្តចំណាត់ការ ដើម្បីបង្ក្រាបការតវ៉ា ទោះបីជាមានការជំទាស់ពីអភិបាលរដ្ឋ California លោក Gavin Newsom និងមេដឹកនាំតំបន់ផ្សេងទៀតក៏ដោយ។ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ទាហានប្រហែល ២.១០០ នាក់ក្នុងចំណោមទាហានទាំងអស់ កំពុងធ្វើប្រតិបត្តិការនៅទីក្រុង Los Angeles។ លោកស្រី Bryn MacDonnell ដែលកំពុងបំពេញភារកិច្ចជាអ្នកត្រួតពិនិត្យនៅមន្ទីរបញ្ចកោណ បាននិយាយទៅកាន់សមាជិកសភាថា ការចំណាយលើការដាក់ពង្រាយកងទ័ពប្រហែល១៣៤លានដុល្លារអាមេរិក ដែលរួមបញ្ចូលទាំងការធ្វើដំណើរ ការស្នាក់នៅ និងអាហារសម្រាប់កងទ័ព។

