ទាហានអ៊ីស្រាអែលកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបើកការបាញ់ប្រហារម្តងទៀតលើហ្វូងមនុស្សដែលកំពុងស្វែងរកកញ្ចប់អាហារតិចតួចសម្រាប់គ្រួសាររបស់ពួកគេនៅជិតច្រករបៀង Netzarim ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់រួមទាំងកុមារអាយុ ១២ ឆ្នាំម្នាក់ នេះបើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្កាហ្សា។

ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៧០នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបសប្ដាហ៍នេះ រួមទាំងអ្នកស្វែងរកជំនួយពោពេញដោយភាពស្រេកឃ្លាន ខណៈអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់ឡោមព័ទ្ធមួយនេះ ដែលអង្គការសហប្រជាជាតិនិយាយថាគ្រោះទុរ្ភិក្សគំរាមកំហែងដល់ប្រជាជនទាំងមូល។
កុមារស្លាប់ខាងលើនេះ ត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះថា Mohammed Khalil al-Athamneh។ មនុស្សជាង ២០០ នាក់ផ្សេងទៀតបានរងរបួស។
ចំណុចចែកចាយត្រូវបានដំណើរការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា(GHF) ដ៏ចម្រូងចម្រាស ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងតំបន់គ្រប់គ្រងដោយអ៊ីស្រាអែល។
យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្កាហ្សា កន្លែងផ្តល់ជំនួយត្រូវបានគេដាក់ឈ្មោះថា "កន្លែងសត្តឃាតមនុស្ស" ខណៈមនុស្សជាង១៥០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីមូលនិធិ GHF បានចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃទី២៧ ខែឧសភា។ រហូតមកដល់ពេលនេះ មនុស្សជិត១.៥០០នាក់បានរងរបួស៕


