អាមេរិក៖ រដ្ឋបាលលោកប្រធានាធិបតី Joe Biden និងមេដឹកនាំយោធាអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការកើនឡើងភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់ ហើយពួកគេកំពុងសម្លឹងមើលឆ្នាំថ្មីថា ជាចំណុចដ៏ក្ដៅគគុកដែលអាចកើតមាន នេះបើយោងតាមមន្ត្រីការពារជាតិ និងមន្ត្រីរដ្ឋបាលពីររូបដែលដឹងពីបញ្ហានេះ។

មន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតមន្ត្រីបាននិយាយថា ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងជាមួយអ៊ីរ៉ង់ បានជំរុញឱ្យមានការជជែកដេញដោលនៅក្នុងរដ្ឋបាលអំពីរបៀបឆ្លើយតបទៅនឹងការវាយប្រហារ និងសកម្មភាពបង្កហេតុនានាពីសំណាក់អ៊ីរ៉ង់ និងភ្នាក់ងារ ឬកងកម្លាំងតំណាងរបស់ខ្លួននៅក្នុងតំបន់។ ភាពតានតឹងបានកើនឡើង បន្ទាប់ពីការវាយប្រហារលើមូលដ្ឋានយោធាសហរដ្ឋអាមេរិកដែលគេស្គាល់ថា At Tanf Garrison នៅភាគខាងត្បូងប្រទេសស៊ីរីកាលពីថ្ងៃទី២០ ខែតុលា នៅពេលយានដ្រូនអត្តឃាតចំនួន ៥គ្រឿងដែលផ្ទុកដោយគ្រឿងផ្ទុះ និងគ្រាប់បែកត្រូវបានបាញ់ស្រោចទៅលើមូលដ្ឋានទ័ពនោះ។ ពុំមានទាហានអាមេរិកណាម្នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហានោះទេ ប៉ុន្តែរចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីការពារជាតិអាមេរិក ៣នាក់ និងមន្ត្រីរដ្ឋបាល ២នាក់បាននិយាយថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយថាការវាយប្រហារនោះត្រូវបានធ្វើឡើងបតាមរយៈកងកម្លាំងតំណាង ក្នុងគោលបំណងសម្លាប់ទាហានអាមេរិក។ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Time មេបញ្ជាការនៃទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ឧត្តមសេនីយម៉ារីន Frank McKenzie មិនបានស្តីបន្ទោសអ៊ីរ៉ង់ចំពោះការវាយប្រហារនោះទេដោយលោកគ្រាន់តែនិយាយថា អ្នកណាក៏ដោយដែលបានបង្ករឿងនេះគឺច្បាស់ណាស់ថា កំពុងព្យាយាមសម្លាប់ជនជាតិអាមេរិក៕
អត្ថបទ៖ សុខមាន