អភិបាលរដ្ឋ California លោក Gavin Newsom បានបន្តរិះគន់ខ្លាំងៗក្នុងអំឡុងពេលថ្លែងសុន្ទរកថាជាសាធារណៈដ៏ខ្លីមួយកាលពីថ្ងៃអង្គារ (១០ មិថុនា) ថា លោកប្រធានាធិបតីអាមេរិក Donald Trump កំពុង "ប្រើសំណាញ់យោធា" គ្របលើទីក្រុង Los Angeles ដោយព្រមានថា 'លទ្ធិប្រជាធិបតេយ្យកំពុងតែស្ថិតនៅក្រោមការវាយប្រហារ'។

លោក Newsom លើកឡើងថា ការសម្រេចចិត្តរបស់ Trump ក្នុងការដាក់ពង្រាយឆ្មាំជាតិ California ដោយពុំមានការគាំទ្ររបស់លោក គឺជាការព្រមានដល់រដ្ឋផ្សេងទៀត។ លោកបាននិយាយថា "California ប្រហែលជាកន្លែងដំបូង ប៉ុន្តែច្បាស់ណាស់ថារឿងនេះនឹងមិនបញ្ចប់ត្រឹមប៉ុណ្ណឹងឡើយ ហើយរដ្ឋផ្សេងទៀតនឹងក្លាយជាគោលដៅបន្ទាប់ ក្រោយមកទៀតគឺលទ្ធិប្រជាធិបតេយ្យ។ ពេលនេះ លទ្ធិប្រជាធិបតេយ្យកំពុងស្ថិតក្រោមការវាយប្រហារចំពោះមុខមនុស្សគ្រប់គ្នា"។
ការថ្លែងរបស់អភិបាលរដ្ឋមកពីបក្សប្រជាធិបតេយ្យរូបនេះ បានកើតឡើងបន្ទាប់ពីលោក Trump បានបញ្ជាឱ្យដាក់ពង្រាយទាហានសរុបជិត ៥.០០០នាក់ រួមទាំងឆ្មាំជាតិ និងកងម៉ារីន ទៅកាន់ទីក្រុងធំទីពីររបស់ប្រទេស។ កម្លាំងទាំងនោះទៅដើម្បីការពារអគារសហព័ន្ធ ប៉ុន្តែឥឡូវនេះ ក៏កំពុងការពារភ្នាក់ងារអន្តោប្រវេសន៍ផងដែរ នៅពេលពួកគេអនុវត្តការចាប់ខ្លួន។
លោក Newsom និយាយថា ការបង្រ្កាបអន្តោប្រវេសន៍របស់លោក Trump បានដើរហួសពីការចាប់ខ្លួនឧក្រិដ្ឋជនទៅទៀត ហើយថា "បុគ្គលិកលាងចាន អ្នកថែសួន កម្មករ និងអ្នកកាត់ដេរសាមញ្ញ" ក៏ស្ថិតក្នុងចំណោមគោលដៅដែលត្រូវឃុំខ្លួនដែរ។ នៅព្រឹកថ្ងៃអង្គារ អភិបាលរដ្ឋ California រូបនេះបានដាក់សំណើបណ្ដឹងទៅតុលាការសហព័ន្ធឱ្យរារាំងរដ្ឋបាលលោក Trump ពីការប្រើប្រាស់ឆ្មាំជាតិ និងកងម៉ារីន ក្នុងការបង្រ្កាបអន្តោប្រវេសន៍នៅទីក្រុង Los Angeles ដោយនិយាយថា ជំហាននោះនឹងបង្កើនភាពតានតឹង និងជំរុញឱ្យមានចលាចលស៊ីវិលកាន់តែអាក្រក់ឡើង៕


