តម្លៃប្រេងបានធ្លាក់ចុះនៅក្នុងការជួញដូរនៅព្រឹកព្រលឹមថ្ងៃពុធ (១១ មិថុនា) នេះ ខណៈទីផ្សារកំពុងវាយតម្លៃលើលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលមិនទាន់ត្រូវបានពិនិត្យដោយលោកប្រធានាធិបតីអាមេរិក Donald Trump នៅឡើយ ជាមួយនឹងតម្រូវការប្រេងទន់ខ្សោយពីប្រទេសចិន និងការបង្កើនទិន្នផល OPEC+ បានដាក់បន្ទុកលើទីផ្សារ។

សន្ទស្សន៍ភាគហ៊ុនប្រេងឆៅររបស់ Brent បានធ្លាក់ចុះ ២៤សេន ឬ ០,៣៦% ដោយជួញដូរនៅតម្លៃ ៦៦,៦៣ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ២១សេន ឬ ០,៣២% មកនៅត្រឹម ៦៤,៧៧ដុល្លារ នៅម៉ោងសកល ០១:៩១នាទី រំលងអាធ្រាត្រឈានចូលថ្ងៃពុធនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយកាលពីថ្ងៃអង្គារ នៅពេលបញ្ចប់កិច្ចចរចារយៈពេលពីរថ្ងៃនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេសថា មន្ត្រីអាមេរិក និងចិនបានព្រមព្រៀងលើក្របខ័ណ្ឌមួយ ដើម្បីបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ភាគីទាំងពីរឡើងវិញ និងដោះស្រាយការរឹតបន្តឹងលើការនាំចេញរបស់ចិន លើរ៉ែកម្រ និងមេដែកដ៏សំខាន់ ខណៈមេដឹកនាំនៃប្រទេសទាំងពីរនឹងបន្តពិនិត្យមើលលើក្របខ័ណ្ឌនោះ។

ទិន្នន័យនាំចូលប្រេងចុះខ្សោយពីប្រទេសចិន នៅដើមសប្តាហ៍នេះ និងកំណើនផលិតកម្មដែលកំពុងបន្តពីអង្គការ OPEC+ នៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត ដូចជារុស្ស៊ី ក៏កំពុងបន្ថែមពីលើការធ្លាក់ចុះនៃតម្លៃប្រេង។ OPEC + គ្រោងនឹងបង្កើនផលិតកម្មប្រេងចំនួន ៤១១.០០០បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែកក្កដា ខណៈអង្គការនេះចង់កាត់បន្ថយការផលិតសម្រាប់រយៈពេល ៤ខែជាប់គ្នា៕