ក្រុមសមាជិកសភាអ៊ីរ៉ង់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងស្វែងរកការបង្វែរកិច្ចចរចានុយក្លេអ៊ែរទៅជា "អន្ទាក់យុទ្ធសាស្ត្រ" សម្រាប់ប្រទេសអ៊ីរ៉ង់ ប៉ុន្មានថ្ងៃមុនការគ្រោងទុកជុំទីប្រាំមួយនៃកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់-អាមេរិក នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។

សេចក្តីថ្លែងការណ៍របស់សមាជិកសភាបាននិយាយថា សហរដ្ឋអាមេរិក មិនមានភាពច្បាស់លាស់ក្នុងការចរចាទាល់តែសោះ។ អាមេរិក បានកំណត់គោលដៅនៃកិច្ចចរចាតម្រូវតែតាមការទាមទាររបស់ខ្លួន និងបានអនុម័តនូវជំហរវាយលុក ដែលផ្ទុយទៅនឹងសិទ្ធិ មិនអាចកាត់ផ្តាច់បានរបស់អ៊ីរ៉ង់ ។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានគូសបញ្ជាក់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា ភាគីទាំងពីរនៅតែមានជម្លោះលើបញ្ហានៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលសមាជិកសភាអ៊ីរ៉ង់និយាយថា ជាផ្នែកដែលមិនអាចចរចារបាននៃកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ ខណៈលោក Trump បាននិយាយថាជុំបន្ទាប់នៃកិច្ចចរចានឹងធ្វើឡើងនៅពាក់កណ្ដាលសប្ដា៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា ការចរចា ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យសប្ដាហ៍នេះ នៅប្រទេសអូម៉ង់។

ក្រុមសមាជិកសភាបានបន្ថែមថា អ៊ីរ៉ង់ នឹងចែករំលែកសំណើផ្ទុយទៅនឹងសំណើរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលខ្លួននិយាយថាមិនអាចទទួលយកបានដោយពិចារណាពីជំហររបស់ខ្លួនលើការចម្រាញ់អ៊ុយរ៉ានីញ៉ូម និងកង្វះព័ត៌មានលម្អិតស្តីពីការដកទណ្ឌកម្ម។ កិច្ចព្រមព្រៀងដែលអាចទទួលយកបានតែមួយគត់ គឺជាកិច្ចព្រមព្រៀងមួយដែលដកចេញជាអចិន្ត្រៃយ៍នូវទណ្ឌកម្មទាំងអស់ក្នុងគោលបំណងដើម្បីសម្រេចបាននូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់អ៊ីរ៉ង់ ។ លោក Trump បាននិយាយថា ជុំបន្ទាប់នៃកិច្ចចរចាអាចបញ្ជាក់ឱ្យច្បាស់ថាតើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអាចធ្វើទៅបានដើម្បីជៀសវាងសកម្មភាពយោធាឬយ៉ាងណា៕