អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា ការបាញ់កាំភ្លើងរបស់អ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់១៧នាក់ និងរងរបួសរាប់សិបនាក់ ខណៈជនភៀសខ្លួនរាប់ពាន់នាក់ បានទៅកាន់កន្លែងចែកចាយជំនួយដំណើរការដោយក្រុមមនុស្សធម៌គាំទ្រដោយសហរដ្ឋអាមេរិកនៅតំបន់ហ្កាហ្សាភាគកណ្តាល កាលពីថ្ងៃអង្គារ។

ក្រុមគ្រូពេទ្យសង្គ្រោះបឋមបាននិយាយថា អ្នកស្លាប់និងរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួនពីរកន្លែងគឺមន្ទីរពេទ្យ Al-Awda នៅក្នុងជំរំ Nuseirat និង Al-Quds នៅទីក្រុងហ្កាហ្សា ភាគខាងជើង។
យោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ព្រមានទៅលើ «ជនសង្ស័យ ដែលកំពុងរុលចូលៅក្នុងតំបន់ Wadi Gaza និងបង្កការគំរាមកំហែងដល់កងទ័ព»។

យោធាបាននិយាយបន្ថែមថា ខ្លួនបានដឹងអំពីរបាយការណ៍ដែលថាមានអ្នករងរបួសជាច្រើន ប៉ុន្តែបាននិយាយថា តួលេខដែលចេញដោយអាជ្ញាធរសុខាភិបាលក្នុងតំបន់ មិនស្របទៅនឹងព័ត៌មានដែលខ្លួនបានប្រមូលនោះទេ។ «ការបាញ់ព្រមាន ត្រូវបានបាញ់រាប់រយម៉ែត្រឆ្ងាយពីកន្លែងចែកចាយជំនួយ នៅមុនពេលម៉ោងបើក និងសំដៅទៅលើជនសង្ស័យដែលបង្កការគំរាមកំហែងដល់កងទ័ព»។
កន្លងមក យោធាបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាស ពីការបង្អាក់ដោយចេតនាជុំវិញការចែកចាយជំនួយ។