គណៈកម្មការអឺរ៉ុប បានស្នើកាលពីថ្ងៃអង្គារ ទី១០ មិថុនា នូវកញ្ចប់ទណ្ឌកម្មទី១៨ ប្រឆាំងរុស្សីសម្រាប់ការវាយលុកលើអ៊ុយក្រែន ដោយសំដៅលើប្រាក់ចំណូលថាមពលរបស់ទីក្រុងមូស្គូ ធនាគារ និងឧស្សាហកម្មយោធារបស់ប្រទេសនេះ។
កញ្ចប់ថ្មីនេះ ស្នើឱ្យហាមឃាត់ប្រតិបត្តិការជាមួយបំពង់បង្ហូរឧស្ម័ន Nord Stream របស់រុស្ស៊ី ព្រមទាំងធនាគារដែលចូលរួមក្នុងការគេចវេសពីការដាក់ទណ្ឌកម្ម។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្វាគមន៍កញ្ចប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប៉ុន្តែបាននិយាយថា ត្រូវការព័ត៌មានលម្អិតបន្ថែមទៀត និងបានអំពាវនាវឱ្យមានការបន្ទាបការទប់តម្លៃប្រេងត្រឹម៣០ដុល្លារ។
លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលយប់របស់លោកថា «សមត្ថភាពរបស់រុស្ស៊ីក្នុងការបន្តសង្រ្គាម គឺដូចគ្នាទៅនឹងសមត្ថភាពរបស់ខ្លួនក្នុងការលក់ប្រេង និងឆ្លងកាត់ឧបសគ្គផ្នែកហិរញ្ញវត្ថុ»។ នោះហើយជាមូលហេតុចាំបាច់ ដែលត្រូវដាក់ការរឹតត្បិតដើម្បីកំណត់ចំនួននាវាដឹកប្រេងរបស់រុស្ស៊ី កំណត់សមត្ថភាពបច្ចេកវិទ្យារបស់ប្រទេសនេះសម្រាប់ការទាញយក និងដំណើរការ ហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឱ្យតម្លៃប្រេងរុស្ស៊ីទាបជាងអ្វីដែលពួកគេអាចទប់ទល់បាន។
