អង្គភាពសេវាព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន បានចេញផ្សាយវីដេអូ កាលពីថ្ងៃអង្គារ ទី១០ មិថុនា បង្ហាញពីការវិលត្រឡប់មកវិញនៃឈ្លើយសឹកសង្គ្រាមដែលឈឺ និងរងរបួស។ សារព័ត៌មាន Reuters ពុំអាចផ្ទៀងផ្ទាត់ទីតាំង ឬកាលបរិច្ឆេទដែលវីដេអូនេះត្រូវបានថតដោយឯករាជ្យនោះទេ។

រុស្ស៊ី និងអ៊ុយក្រែន បាននិយាយថា ពួកគេបានដោះដូរចំនួនមិនជាក់លាក់នៃឈ្លើយសឹកសង្គ្រាមដែលធ្លាក់ខ្លួនឈឺ និងរងរបួសកាលពីថ្ងៃអង្គារ ក្រោមកិច្ចព្រមព្រៀងដែលបានឈានដល់ក្នុងកិច្ចចរចាសន្តិភាពកាលពីសប្តាហ៍មុន នៅក្នុងប្រទេសទួរគី។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅលើបណ្តាញ Telegram ថា ការដោះដូរនឹងធ្វើបន្តទៀត។ លោកបាននិយាយបន្ថែមថា «យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីស្វែងរក និងនាំយកអ្នកទាំងឡាយដែលត្រូវបានគេចាប់ខ្លួន ត្រឡប់មកវិញ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចារកម្មយោធាអ៊ុយក្រែនបាននិយាយថា ភាគច្រើននៃទាហានដែលត្រូវបានដោះលែង សុទ្ធតែមានរបួស និងមានជំងឺធ្ងន់ធ្ងរ រួមមានទាំងអ្នកដែលត្រូវបានកាត់ដៃជើង ឆ្លងជំងឺ និងអ្នកមានបញ្ហាផ្លូវចិត្ត។ ការប្រគល់ឈ្លើយសឹកនេះ បានធ្វើឡើងបន្ទាប់ពីការដោះដូរដំបូងនៃឈ្លើយសឹកក្រោមអាយុ២៥ឆ្នាំ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃចន្ទ។
ការដោះដូរឈ្លើយសឹក គឺជាលទ្ធផលជាក់ស្តែងតែមួយគត់ រហូតមកដល់ពេលនេះ នៃកិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរនៅក្នុងប្រទេសទួរគី ដែលបានបន្តកាលពីខែមុន ប៉ុន្តែពុំបានដំណើរការឈានដល់បទឈប់បាញ់នោះទេ។