ក្រុមបាតុករ បានមកប្រមូលផ្តុំគ្នានៅទីក្រុង Atlanta និងទីក្រុង Washington D.C. ដោយផ្ញើសារទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់លោក។ លោក Trump បានដាក់ពង្រាយកងម៉ារីនចំនួន៧០០នាក់ និងទាហានឆ្មាំជាតិចំនួន៤.០០០នាក់ទៅកាន់ទីក្រុង Los Angeles ក្នុងការឆ្លើយតបកាន់តែខ្លាំងចំពោះការចេញតវ៉ា ជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់លោក។

ប្រធានាធិបតីគណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា ការដាក់ពង្រាយយោធា គឺចាំបាច់ដើម្បីការពារទ្រព្យសហព័ន្ធ និងការពារបុគ្គលិក។ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាធិបតេយ្យរបស់រដ្ឋកាលីហ្វ័រនីញ៉ា បានប្តឹងដើម្បីរារាំងចំណាត់ការរបស់លោក Trump ដោយចាត់ទុកថា ជាការបំពានអំណាច និងការបង្កហេតុដែលមិនចាំបាច់។
បាតុកម្មជាច្រើន បានកើឡើងចាប់តាំងពីថ្ងៃសុក្រ នៅពេលដែលក្រុមសកម្មជន បានប៉ះទង្គិចជាមួយយោធា។ មន្ត្រីទីក្រុង Los Angeles បាននិយាយថា ភាពវឹកវរត្រូវបានកំណត់ត្រឹមប្លុកទីប្រជុំជនមួយចំនួន ហើយបាតុករភាគច្រើនកំពុងតវ៉ាដោយសន្តិវិធី ដើម្បីគាំទ្រជនអន្តោប្រវេសន៍។

លោក Trump បានសន្យាថា នឹងនិរទេសចំនួនដ៏ច្រើននៃប្រជាជនដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ និងបិទព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដោយកំណត់ឱ្យភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍នៅព្រំដែន ដាក់គោលដៅប្រចាំថ្ងៃដើម្បីចាប់ខ្លួនជនអន្តោប្រវេសន៍យ៉ាងហោចណាស់៣.០០០នាក់។