(អាស៊ី)៖ ក្លឹបបាល់ទាត់អាជីពរបស់ព្រះរាជាណាចក្រកម្ពុជាពីរក្លឹប ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)ផ្ដល់កៅអីឱ្យលេងក្នុងវគ្គចែកពូល និងវគ្គជម្រុះ Play-off ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លំដាប់ទី៣ទ្វីបអាស៊ីរដូវកាល២០២៥/២០២៦តំបន់អាស៊ីខាងកើត។
យោងតាមព័ត៌មានផ្លូវការដែលបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន ស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC) បានផ្ដល់កៅអីឱ្យក្លឹបជើងឯកលីគកំពូលកម្ពុជាពីររដូវកាលជាប់គ្នាព្រះខ័នរាជស្វាយរៀងលេងក្នុងវគ្គចែកពូល ខណៈជើងឯករងលីគកម្ពុជា និងម្ចាស់ពានរង្វាន់សម្តេចតេជោ ភ្នំពេញក្រោនលេងជម្រុះ Play-off រកកៅអីវគ្គចែកពូល។
សហព័ន្ធកីឡាបាល់ទាត់អាស៊ីក៏បានបញ្ជាក់ដែរថាក្លឹបពីរទៀតមកពីប្រទេសឥណ្ឌូណេស៊ី Dewa United និងក្លឹបសហភាពមីយ៉ាន់ម៉ា Shan United ក៏បានលេងក្នុងវគ្គចែកពូលដែរ។
វគ្គជម្រុះនឹងត្រូវលេងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដោយក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវជួបក្លឹបប្រទេសព្រុយណេ Kasuka។
សម្រាប់វគ្គចែកពូលនឹងធ្វើការចាប់ឆ្នោតនៅថ្ងៃទី២៤ ខែសីហា ហើយនឹងដំណើរការប្រកួតពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។
វគ្គ១/៤ផ្ដាច់ព្រ័ត្រនឹងត្រូវលេងនៅថ្ងៃទី៥និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលេងនៅថ្ងៃទី៩ និងទី១៦ ខែមេសា ខណៈវគ្គផ្ដាច់ព្រ័ត្រលេងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។
នេះជាលើកទីពីរសម្រាប់ព្រះខ័នរាជស្វាយរៀងដែលបានបង្ហាញខ្លួនក្នុងពាននេះ បន្ទាប់ការបង្ហាញខ្លួនលើកដំបូងព្រះខ័នរាជស្វាយរៀងធ្វើបានយ៉ាងល្អនឹងបញ្ចប់នៅចំណាត់ថ្នាក់លេខពីរក្រោយចាញ់ក្លឹបមកពីប្រទេសតួកម៉េនីស្ថាន FC Akardag ១ទល់នឹង២ក្នុងនាទីបន្ថែម១៥នាទីពីរដងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕