បាល់ទាត់៖ ក្លិបបិសាចក្រហម Manchester United បានបើកទីលានហ្វឹកហាត់ Carrington របស់ខ្លួនឡើងវិញហើយក្រោយបិទអស់មួយសប្តាហ៍ដោយសារផ្ទុះឆ្លង Covid-19 នៅក្នុងក្លិប។ Manchester United បានបិទទីលានហ្វឹកហាត់របស់ខ្លួនកាលពីសប្តាហ៍មុន ហើយការប្រកួតចំនួនពីរត្រូវបានលើកពេលគឺជំនួបទល់នឹង Brentford និង Brighton។

ក្លិបបានបញ្ជាក់ថា កីឡាករបានវិលចូលទីលានហ្វឹកហាត់វិញ តែមិនទាន់ពេញលេញនៅឡើយ។ កាលពីថ្ងៃចន្ទកន្លងទៅក្លិបនៅ English Premier League បានព្រមព្រៀងគ្នាបំពេញកាលវិភាពចុងឆ្នាំអបអរថ្ងៃឈប់សម្រាកទោះជា Covid-19 បន្តវាយលុកខ្លាំងក៏ដោយ។ ការបើកទីលានហ្វឹកហាត់ឡើងវិញនេះដែរ បានផ្តល់ឱកាសដល់អ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnick មានពេលវេលាត្រៀមលក្ខណៈមុនការប្រកួតនៅទឹកដី St. James Park របស់ Newcastle នៅថ្ងៃទី២៧ ខែធ្នូចុងឆ្នាំនេះ។
សូមបញ្ជាក់ថា Manchester United បានរកឃើញករណីឆ្លងច្រើនលើកីឡាករ និងបុគ្គលិកក្លិប បន្ទាប់ពីការប្រកួតដែលយកឈ្នះនៅទឹកដី Norwich City ១-០ កាលពីថ្ងៃទី១១ ខែធ្នូកន្លងទៅ។ មកដល់ពេលនេះមាន ៦ប្រកួតហើយដែលត្រូវបានលើកពេលបន្ទាប់ពី Premier League រកឃើញអ្នកឆ្លងថ្មីខ្ពស់បំផុតក្នុងមួយសប្តាហ៍ដល់ទៅ ៩០ករណី៕
អត្ថបទ៖នាង សុភាវុធ