ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ដែលត្រូវបានគេជឿថា ប្រើប្រាស់សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីកាលពីពេលថ្មីៗនេះទៅលើអ៊ុយក្រែន កាន់តែត្រង់ចំគោលដៅជាងមុន។

កងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន និងអាជ្ញាធរផ្សេងទៀត បាននិយាយថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារនៅទូទាំងប្រទេសកាលពីពេលយប់ថ្ងៃចន្ទរហូតដល់ព្រឹកថ្ងៃអង្គារ ដោយយានដ្រូនជាង៣០០គ្រឿង និងមីស៊ីល៧គ្រាប់ រួមមានមួយចំនួនត្រូវបានផលិតនៅក្នុងប្រទេសកូរ៉េខាងជើង។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា មីស៊ីលបាលីស្ទីករយៈចម្ងាយជិត KN23 របស់កូរ៉េខាងជើងចំនួនពីរគ្រាប់ត្រូវបានបាញ់ទម្លាក់នៅទីក្រុងគីវ។ លោកនិយាយថា កូរ៉េខាងជើងបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវការតម្រង់គោលដៅជាក់ច្បាស់នៃមីស៊ីលរបស់ខ្លួន ខណៈត្រូវបានប្រើប្រាស់នៅសមរភូមិក្នុងប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យដដែល បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង ឱ្យបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយទីក្រុងមូស្គូ។ ប្រមុខចារកម្មការពារជាតិអ៊ុយក្រែន លោក Kyrylo Budanov បានចាត់ទុកមីស៊ីល KN23 ថាជាការគំរាមកំហែងផ្នែកយោធា នៅក្នុងបទសម្ភាសន៍របស់លោក ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ។
លោកនិយាយថា មីស៊ីលរបស់កូរ៉េខាងជើង ធ្លាប់បានធ្លាក់ក្នុងចម្ងាយពីរទៅបី គីឡូម៉ែត្រពីចំណុចគោលដៅ ប៉ុន្តែពេលនេះ វាបានបាញ់ចំគោលដៅយ៉ាងច្បាស់លាស់។