លោកស្រី Tulsi Gabbard នាយកអង្គភាពចារកម្មជាតិរបស់សហរដ្ឋអាមេរិក បានអំពាវនាវឱ្យលុបបំបាត់អាវុធនុយក្លេអ៊ែរ បន្ទាប់ពីបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។

វាជារឿងកម្រ សម្រាប់សមាជិកគណៈរដ្ឋមន្ត្រីដ៏សកម្មរបស់សហរដ្ឋអាមេរិក ក្នុងការបង្ហាញការប្រឆាំងទៅនឹងអាវុធនុយក្លេអ៊ែរ។ លោកស្រី Gabbard បានធ្វើសេចក្តីថ្លែងការណ៍បែបនេះនៅក្នុងសារវីដេអូមួយ ដែលលោកស្រីបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃអង្គារ។ លោកស្រីនិយាយថា ថ្មីៗនេះលោកស្រី បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុនដែលរងការទម្លាក់គ្រាប់បែកបរមាណូ។ លោកស្រី បានពន្យល់ថា លោកស្រីបានដឹងពីការបំផ្លិចបំផ្លាញបណ្តាលមកពីការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Hiroshima និងទីក្រុង Nagasaki ។
នៅក្នុងវីដេអូ លោកស្រីបាននិយាយថា «វាពិបាកសម្រាប់ខ្ញុំក្នុងការស្វែងរកពាក្យអ្វីដើម្បីមកបង្ហាញ នូវអ្វីដែលខ្ញុំបានឃើញ រឿងរ៉ាវដែលខ្ញុំបានស្តាប់លឺ ភាពសោកសៅដែលនៅតែបន្សល់ទុក។ លោកស្រី Gabbard បាននិយាយអំពីគំនូរមួយចំនួនដែលបង្កើតឡើងដោយអ្នកនៅរស់រានមានជីវិតពីការទម្លាក់គ្រាប់បែក។
នាយកអង្គភាពចារកម្មជាតិរបស់សហរដ្ឋអាមេរិករូបនេះ បាននិយាយថា អំណាចនៃការបំផ្លិចបំផ្លាញដោយអាវុធនុយក្លេអ៊ែរនាពេលបច្ចុប្បន្ននេះ លើសពីគ្រាប់បែកដែលបានទម្លាក់ទៅលើទីក្រុងនានារបស់ប្រទេសជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ លោកស្រី Gabbard បានសន្និដ្ឋានថា «ដូច្នេះ វាអាស្រ័យលើយើង លើប្រជាជន ក្នុងការនិយាយនិងទាមទារឱ្យបញ្ចប់ភាពឆ្កូតវង្វេងនេះ។ យើងត្រូវបដិសេធផ្លូវទៅរកសង្រ្គាមនុយក្លេអ៊ែរ ហើយធ្វើការឆ្ពោះទៅកាន់ពិភពលោកដែលគ្មាននរណាម្នាក់ត្រូវរស់នៅដោយភ័យខ្លាចទៅនឹងការសម្លាប់រង្គាលដោយនុយក្លេអ៊ែរនោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកចង់ជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។

