នគរបាលទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បាននិយាយកាលពីល្ងាចថ្ងៃអង្គារ (១០ មិថុនា) ថា "ការចាប់ខ្លួនទ្រង់ទ្រាយធំ" កំពុងតែដំណើរការ ខណៈមនុស្សម្នាបានប្រមូលផ្តុំគ្នាបាតុកម្មនៅតាមដងផ្លូវកណ្តាលទីក្រុង ក្រោយពេលបម្រាមគោចរពេញមួយយប់បានចូលជាធរមាន បន្ទាប់ពីការតវ៉ាជាច្រើនថ្ងៃប្រឆាំងនឹងការចាប់ខ្លួនជនអន្តោប្រវេសន៍។

នាយកដ្ឋាននគរបាល Los Angeles បានសរសេរនៅលើបណ្ដាញសង្គម X ថា "ក្រុមជាច្រើនបន្តប្រមូលផ្តុំគ្នានៅផ្លូវទី១ រវាងផ្លូវ Spring និង Alameda" នៅក្នុងតំបន់ហាមឃាត់បម្រាមគោចរទីក្រុង ដែលបានកំណត់។ ក្រុមទាំងនោះកំពុងត្រូវបានដោះស្រាយ ហើយការចាប់ខ្លួនយ៉ាងច្រើនកំពុងផ្តួចផ្តើមឡើង ព្រោះបម្រាមគោចរចូលជាធរមានហើយ"។
នៅព្រឹកថ្ងៃអង្គារ នាយកដ្ឋាននគរបាល Los Angeles និយាយថា យ៉ាងហោចណាស់មនុស្សជិត ៤០០នាក់ ត្រូវបានចាប់ខ្លួនក្នុងពេល ៤ថ្ងៃកន្លងទៅនោះ។ បម្រាមគោចរបានដាក់លើផ្នែកតូចមួយនៃទីប្រជុំជន Los Angeles ជាទីដែលបាតុកម្មក្នុងក្រុងប្រមូលផ្តុំ ដោយអនុវត្តចាប់ពីម៉ោងក្នុងស្រុក ៨យប់ ដល់ម៉ោង ៦ព្រឹក ហើយអភិបាលក្រុង លោកស្រី Karen Bass និយាយថា បម្រាមនោះអាចនឹងនៅតែជាធរមានក្នុងពេលប៉ុន្មានថ្ងៃទៀត។
អាជ្ញាធរបានឱ្យដឹងថា បម្រាគោចរគ្របដណ្តប់លើផ្ទៃដីប្រហែលជាង ២,៥គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ហើយនឹងប៉ះពាល់ដល់មនុស្សតិចជាង ១០០.០០០នាក់នៃអ្នកស្រុកសរុប ៤លាននាក់របស់ក្រុង Los Angeles៕


