សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានថ្កោលទោសចំពោះទណ្ឌកម្មរបស់ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្ត ចំនួន ៤ ប្រឆាំងនឹងរដ្ឋមន្រ្តីស្តាំនិយមជ្រុលអ៊ីស្រាអែល ដោយនិយាយថា ពួកគេគួរតែផ្តោតលើក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ជំនួសវិញ។

អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Tammy Bruce បានប្រាប់អ្នកយកព័ត៌មានថា៖«យើងឃើញថា ការដាក់ទណ្ឌនេះ មិនមានប្រយោជន៍អ្វីទាល់តែសោះ។ ចំណាត់ការបែបនេះ នឹងមិនអាចធ្វើអ្វីបាន ដើម្បីឲ្យយើងខិតទៅជិតបទឈប់បាញ់នៅតំបន់ហ្កាហ្សាទេ»។
អ្នកស្រី បាននិយាយអំពីទណ្ឌកម្មទាំងនោះថា ប្រទេសអង់គ្លេស កាណាដា ន័រវែស នូវែលសេឡង់ និងអូស្ត្រាលី«គួរតែផ្តោតលើពិរុទ្ធជនពិតប្រាកដនោះ គឺក្រុមហាម៉ាស»។
អ្នកស្រី Bruce បានបន្តថា៖ «យើងនៅតែមានការព្រួយបារម្ភអំពីជំហានណាមួយ ដែលនឹងធ្វើឲ្យអ៊ីស្រាអែលកាន់តែឯកោបន្ថែមទៀត ពីសហគមន៍អន្តរជាតិ»។

ប្រទេសលោកខាងលិចទាំង ៥ បានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich និងរដ្ឋ មន្ត្រីសន្តិសុខជាតិលោក Itamar Ben Gvir ពីបទ «ញុះញង់ឲ្យមានអំពើហិង្សាម្តងហើយម្តងទៀត» ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
រដ្ឋមន្ត្រីទាំងពីរ បានប្រឈមនឹងការរិះគន់ម្តងហើយម្តងទៀត ប៉ុន្តែមិនមានការដាក់ទណ្ឌកម្មជាផ្លូវការក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)។ តាំងពីចូលកាន់តំណែងមក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្ដេជ្ញាគាំទ្រអ៊ីស្រាអែល ដោយមិនកំណត់ពេលវេលាឡើយ។