ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីប្រកាសជាផ្លូវការចូលកាន់មុខតំណែងជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយលោក ម៉ូត សុខមេសា ជាប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ ជំនួសលោក ស៊ុន ហ៊ាយ ដែលបានចូលនិវត្តន៍ទៅអង្គភាពទីប្រឹក្សាក្រសួង។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម ស៊ី ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីជាន់ខ្ពស់ជាច្រើនពីមន្ទីររដ្ឋបាលក្នុងខេត្ត។
លោក ម៉ូត សុខមេសា បានថ្លែងប្តេជ្ញាចិត្តថា នឹងអនុវត្តការងារជាដំណើរការដោយស្មោះត្រង់ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងក៏ដូចជាស្ថាប័នរាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ដើម្បីជួយឲ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងខេត្តមានភាពរីកចម្រើន និងមានប្រសិទ្ធភាព។
ឯកឧត្តម មាន ចាន់យ៉ាដាអភិបាលខេត្តឧត្តរមានជ័យ បានសម្តែងការអបអរសាទរ និងផ្តល់អនុសាសន៍ដល់ប្រធានមន្ទីរថ្មីថា ជាការទទួលខុសត្រូវដ៏សំខាន់មួយក្នុងការជំរុញវិស័យការងារផ្ទៃក្នុងខេត្ត។ឯកឧត្តម បានបញ្ជាក់ថា ការតែងតាំងនេះជាសក្ដានុពលនៃការទុកចិត្តពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះសមត្ថភាព និងសុចរិតភាពក្នុងការដឹកនាំ។
ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានធ្វើសំណេះសំណាលផ្ទាល់ និងផ្តល់អនុសាសន៍ ដល់ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្មីត្រូវបន្តខិតខំប្រឹងប្រែងធ្វើការងារដោយមានភាពសាមគ្គីក្នុងមន្ទីរ និងធ្វើឲ្យកិច្ចការទាំងមូលរីកចម្រើនសមស្របតាមបំណងនយោបាយរដ្ឋាភិបាល។
យ៉ាងម៉ិញឯកឧត្ដមរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តឧត្ដរមានជ័យថ្មី ត្រូវរក្សានិងបង្កើនសាមគ្គីភាពឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងជួរក្រសួងសមី ជួររដ្ឋបាលខេត្ត ក៏ដូចជាបង្កើនទំនាក់ទំនងល្អជាមួយបណ្តាអង្គភាព សមាគម និងអង្គការនានា ដើម្បីរួមចំណែកសម្រេចបានជោគជ័យគ្រប់ផែនការការងារ និងបង្កើតជំនឿចិត្តពីសំណាក់ប្រជាពលរដ្ឋផងដែរ ៕ ឃិនសារិទ្ធ