ឯកសារដែលចេញផ្សាយកាលពីថ្ងៃអង្គារ (១០ មិថុនា) បានបង្ហាញថា ប្រជាជាតិចំនួន៥ និងសហភាពអឺរ៉ុប ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនអាវកាសនានាទូទាំងពិភពលោក បានជំរុញឱ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump កុំដំឡើងពន្ធសន្តិសុខជាតិថ្មី លើយន្តហោះពាណិជ្ជកម្ម និងគ្រឿងបន្លាស់ ដែលនាំចូល។
ក្រុមហ៊ុនអាកាសចរណ៍ និងស្ថាប័នផលិតយន្តហោះ បាននឹងកំពុងបញ្ចុះបញ្ចូលលោក Trump ឱ្យស្តារឡើងវិញនូវរបបគ្មានពន្ធ ក្រោមកិច្ចព្រមព្រៀងយន្តហោះស៊ីវិលឆ្នាំ១៩៧៩ ដែលបានផ្តល់អតិរេកពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ៧៥ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្មអាមេរិក។

ឯកសារដែលផ្សព្វផ្សាយជាសាធារណៈដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកនោះ បានបង្ហាញពីក្តីបារម្ភរបស់ក្រុមហ៊ុន ក៏ដូចជាប្រទេសនានារួមមានកាណាដា ចិន ជប៉ុន ម៉ិកស៊ិក និងស្វីស រួមជាមួយនឹងសហភាពអឺរ៉ុប ជុំវិញការដាក់ចេញនូវពន្ធថ្មីនោះ។ គួរឱ្យដឹងថា លោក Trump បានដាក់ពន្ធ ១០% រួចទៅហើយលើការនាំចូលយន្តហោះ និងគ្រឿងបន្លាស់ស្ទើរតែទាំងអស់។
រដ្ឋាភិបាលចិនបានសរសេរក្នុងឯកសារនោះថា "ពុំមានប្រទេស ឬតំបន់ណាមួយ គួរតែព្យាយាមគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មផលិតយន្តហោះក្នុងស្រុករបស់ខ្លួន ដោយការគាបសង្កត់គូប្រជែងបរទេសនោះទេ"។ ប្លុកអឺរ៉ុបសរសេរថា "ក្នុងនាមជាដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គួរតែពង្រឹងពាណិជ្ជកម្មទាក់ទងនឹងយន្តហោះ និងគ្រឿងបន្លាស់យន្តហោះ ជាជាងរារាំងវាដោយការដាក់កំហិតពាណិជ្ជកម្ម"។
នៅដើមខែឧសភា ក្រសួងពាណិជ្ជកម្មអាមេរិក បានចាប់ផ្តើមការស៊ើបអង្កេតសន្តិសុខជាតិ "មាត្រាទី២៣២" លើការនាំចូលយន្តហោះពាណិជ្ជកម្ម ម៉ាស៊ីនយន្តហោះ និងគ្រឿងបន្លាស់ ដែលអាចបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ពន្ធកាន់តែខ្ពស់លើការនាំចូលបែបនេះ៕

