ក្រុមអ្នកវិទ្យាសាស្ត្រប្លុកអឺរ៉ុប បាននិយាយនៅថ្ងៃពុធ (១១ មិថុនា) នេះថា ពិភពលោកបានជួបប្រទះនូវអាកាសធាតុក្តៅបំផុតទីពីររបស់ខ្លួននៅក្នុងខែឧសភា ឆ្នាំ២០២៥ នេះ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម ខណៈបម្រែបម្រួលអាកាសធាតុបានជំរុញឱ្យមានរលកកម្ដៅបំបែកកំណត់ត្រាក្នុងខែដដែលនោះនៅតំបន់ Greenland ដ៏ត្រជាក់។
សេវាបម្រែបម្រួលអាកាសធាតុ Copernicus ឬហៅថា C3S របស់សហភាពអឺរ៉ុប បាននិយាយក្នុងព្រឹត្តិបត្រប្រចាំខែមួយថា ខែមុនគឺជាខែឧសភា ដែលក្តៅបំផុតទីពីររបស់ផែនដីក្នុងកំណត់ត្រា បន្ទាប់ពីខែឧសភា ឆ្នាំ២០២៤ ដោយបានក្លាយជានិទាឃរដូវខែមីនា-ឧសភា ដែលក្តៅបំផុតទីពីររបស់អឌ្ឍគោលខាងជើងនៅលើកំណត់ត្រា។

C3S និយាយថា សីតុណ្ហភាពលើផ្ទៃផែនដី កាលពីខែមុន ជាមធ្យមគឺ ១,៤អង្សាសេ ខ្ពស់ជាងនៅសម័យមុនឧស្សាហកម្មឆ្នាំ១៨៥០-១៩០០ នៅពេលដែលមនុស្សចាប់ផ្តើមដុតឥន្ធនៈហ្វូស៊ីលក្នុងទ្រង់ទ្រាយឧស្សាហកម្ម។ នាយក C3S លោក Carlo Buontempo និយាយថា "ខណៈដែលតួលេខនេះអាចផ្តល់នូវការសម្រាករយៈពេលខ្លីសម្រាប់ភពផែនដី អ្នកវិទ្យាសាស្រ្តរំពឹងថាបន្ទាត់ដែនកំណត់ ១,៥អង្សាសេ នឹងត្រូវឆ្លងកាត់ម្តងទៀតក្នុងពេលអនាគតដ៏ខ្លី ដោយសារការបន្តឡើងកម្ដៅនៃប្រព័ន្ធអាកាសធាតុ"។
មូលហេតុចម្បងនៃបម្រែបម្រួលអាកាសធាតុគឺការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការដុតឥន្ធនៈហ្វូស៊ីល។ កាលពីឆ្នាំមុន គឺជាកំណត់ត្រាក្តៅបំផុតរបស់ភពផែនដី។ គួរឱ្យដឹងថា កម្រិតកំណត់សីតុណ្ហភាព ១,៥អង្សាសេ គឺជាដែនកំណត់នៃការឡើងកម្ដៅផែនដី ដែលប្រទេសនានាបានប្តេជ្ញាក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដើម្បីព្យាយាមទប់ស្កាត់ និងបញ្ចៀសផលវិបាកដ៏អាក្រក់នៃការឡើងកម្ដៅ៕

