ធនាគារពិភពលោក (WB) កាលពីថ្ងៃអង្គារ (ទី១០ ខែមិថុនា) បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសកលរបស់ខ្លួន សម្រាប់ឆ្នាំ២០២៥ ចំនួន ០,៤ភាគរយ ពោលគឺធ្លាក់មកនៅត្រឹម ២,៣ភាគរយ ដោយផ្ដល់ហេតុផលថា អត្រាពន្ធគយកាន់តែខ្ពស់ និងការកើនឡើងនូវភាពមិនច្បាស់លាស់ បានបង្កជា «បញ្ហាធំ» សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនានាស្ទើរតែទាំងអស់។
ក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលរបស់ខ្លួន ដែលចេញចំនួន ២ដង ក្នុង ១ឆ្នាំ ស្ថាប័នផ្តល់ប្រាក់កម្ចីសកលមួយនេះ បានបន្ទាបការព្យាកររបស់ខ្លួនស្ទើរ ៧០ភាគរយនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក ចិន និងអឺរ៉ុបផងដែរ ក៏ដូចជាតំបន់ទីផ្សារដែលកំពុងរីកចម្រើនចំនួន ៦ ដោយទម្លាក់ពីកម្រិតដែលខ្លួនព្យាករកាលពី ៦ខែកន្លងទៅ ពោលគឺមុនពេលប្រធានាធិបតីអាមេរិក លោក Donald Trump ឡើងកាន់តំណែង។

លោក Trump បានផ្ដល់ភាពវឹកវរដល់ពាណិជ្ជកម្មសកល ជាមួយនឹងវិធានការដំឡើងពន្ធម្ដងមានម្ដងផ្អាកជាបន្តបន្ទាប់ ដែលបានបង្កើនអត្រាពន្ធរបស់អាមេរិក ពីក្រោមកម្រិត ៣ភាគរយ ឡើងដល់ចន្លោះ ១៣-១៥ភាគរយ ដែលជាកម្រិតខ្ពស់បំផុតលើកដំបូង ក្នុងរយៈពេលជិត ១សតវត្សរ៍ ហើយបង្កឲ្យមានការចាត់វិធានការសងសឹក ពីសំណាក់ប្រទេសចិន និងប្រទេសដទៃទៀត។
គួរបញ្ជាក់ថា ធនាគារពិភពលោក គឺជាស្ថាប័នចុងក្រោយបង្អស់ដែលបានទម្លាក់ការព្យាកររបស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចសកល ដោយសារលទ្ធផលនៃគោលនយោបាយពាណិជ្ជកម្មខុសឆ្គងរបស់លោក Trump តែមន្ត្រីអាមេរិកទទូចថា ផលវិបាកអវិជ្ជមាននេះ នឹងត្រូវបានទូទាត់ដោយការកើនឡើងនូវការវិនិយោគ និងការកាត់បន្ថយពន្ធដែលរង់ចាំការអនុម័ត។
ជាមួយគ្នានេះ របាយការណ៍បានព្យាករថា ពាណិជ្ជកម្មសកលនឹងកើនឡើង ១,៨ភាគរយ នៅឆ្នាំ២០២៥ ដោយធ្លាក់ចុះពីកម្រិត ៣,៤ភាគរយ ក្នុងឆ្នាំ២០២៤ និងប្រហែលជា ១ភាគ៣នៃកម្រិត ៥,៩ភាគរយ នៅឆ្នាំ២០០០។ ការព្យាករគឺផ្អែកលើអត្រាពន្ធដែលចូលជាធរមាន គិតត្រឹមចុងខែឧសភា ក្នុងនោះរួមទាំងកម្រិត ១០ភាគរយរបស់អាមេរិកលើការនាំចូលពីប្រទេសភាគច្រើនផងដែរ។ តែរបាយការណ៍នេះមិនរាប់បញ្ចូលការបង្កើនដែលត្រូវបានប្រកាសដោយលោក Trump ក្នុងខែមេសា ហើយបន្ទាប់មកបានពន្យារពេលរហូតដល់ថ្ងៃទី៩ ខែកក្កដា ដើម្បីបើកផ្លូវឲ្យមានការចរចា៕
