ឧត្តមសេនីយ៍ជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលទទួកលបន្ទុកកងកម្លាំងអាមេរិក នៅតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃអង្គារ (ទី១០ ខែមិថុនា) បានប្រាប់ឲ្យដឹងថា ជម្រើសជាច្រើនកំពុងត្រូវបានថ្លឹងថ្លែង នៅពេលត្រូវបានសួរថា តើយោធាបានត្រៀមខ្លួនរួចហើយ ឬនៅ ដើម្បីឆ្លើយតបជាមួយវិធានការយោធាទ្រង់ទ្រាយធំ ក្នុងគោលបំណងទប់ស្កាត់អ៊ីរ៉ង់បំពាក់អាវុធនុយក្លេអ៊ែរ។
លោកឧត្តមសេនីយ៍ Michael Erik Kurilla ដែលជាមេបញ្ជាការទីបញ្ជាការកណ្តាល (CENTCOM) របស់សហរដ្ឋអាមេរិក បានប្រាប់សវនាការសភាថា៖ «ខ្ញុំបានផ្តល់ជម្រើសជាច្រើនដល់រដ្ឋមន្ត្រីការពារជាតិ និងលោកប្រធានាធិបតី»។

គួរបញ្ជាក់ថា លោក Kurilla បានឆ្លើយតបទៅនឹងតំណាងរាស្ត្រនៃរដ្ឋ Alabama គឺលោក Mike Rogers ជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការប្រដាប់អាវុធរបស់សភា ដែលបានសួរថា តើ CENTCOM ត្រូវបានរៀបចំរួចរាល់ហើយ ឬនៅ ដើម្បីឆ្លើយតបដោយកម្លាំងយោធាទ្រង់ទ្រាយធំ ប្រសិនបើអ៊ីរ៉ង់មិនបោះបង់មហិច្ឆតាផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនជាអចិន្ត្រៃយ៍ទេនោះ។
សមាជិកសភាពីបក្សសាធារណ នៅរដ្ឋ Alabama បានសួរថា៖ «តើអ្នកអះអាងថា គ្រប់យ៉ាងត្រៀមរួចហើយមែនទេ?» លោក Kurilla បានឆ្លើតតបថា៖ «បាទ! ត្រៀមរួចហើយ»។
អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានប្រាប់ថា ខ្លួននឹងប្រគល់សំណើបដិការ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែដល់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិក ដែលទីក្រុងតេអេរ៉ង់ចាត់ទុកថា មិនអាចទទួលយកបាន ខណៈដែលប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា កិច្ចពិភាក្សានឹងបន្តមាន៕
