ការិយាល័យរដ្ឋអាជ្ញា បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា តុលាការក្រុងអ៊ីស្តង់ប៊ុល បានចេញដីកាចាប់ខ្លួនម្ចាស់ប៉ុស្តិ៍ទូរទស្សន៍មួយ ដែលគាំទ្រគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសទួរគី ក្រោមការចោទប្រកាន់ពីបទបន្លំដេញថ្លៃ។
ដីកាចាប់ខ្លួនលោក Cafer Mahiroglu ម្ចាស់ទូរទស្សន៍ Halk TV ត្រូវបានចេញជាផ្នែកមួយនៃការស៊ើបអង្កេតលើអង្គការឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំការដេញថ្លៃជាសាធារណៈ ដោយការសូកប៉ាន់មន្ត្រីសាធារណៈ។

សមាជិក CHP សំខាន់ៗមួយចំនួន រួមទាំងអភិបាលក្រុង ត្រូវបានចាប់ខ្លួន ក្រោមការស៊ើបអង្កេត ដែលជាផ្នែកមួយនៃការពង្រីកការបង្រ្កាបផ្លូវច្បាប់ប្រឆាំងនឹងអភិបាលក្រុងអ៊ីស្តង់ប៊ុលដែលកំពុងជាប់ពន្ធនាគារ ដែលជាគូប្រជែងនយោបាយសំខាន់របស់លោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ (Tayyip Erdogan) និងបក្សប្រឆាំងនេះ។
លោក Mahiroglu ដែលជាពាណិជ្ជករទួរគីដែលរស់នៅក្នុងទីក្រុងឡុងដ៍ បានបដិសេធការចោទប្រកាន់នោះ ក្នុងការបង្ហោះនៅលើបណ្តាញសង្គម X។
លោកបាននិយាយថា៖«ខ្ញុំត្រូវបានគេចោទប្រកាន់ដោយផ្អែកលើរបាយការណ៍មិនពិតដែលត្រូវបានគេប្រឌិតឡើង និងការបង្កាច់បង្ខូចនរណាម្នាក់ ដែលខ្ញុំមិនធ្លាប់ជួប ឬបានឃើញក្នុងជីវិតរបស់ខ្ញុំ» ដោយបន្ថែមថា ខ្លួនបានរស់នៅក្រៅប្រទេស អស់រយៈពេល ៣៥ឆ្នាំ មកហើយ។
