ក្លិបបាល់ទាត់តោខៀវ Chelsea បានដាក់សំណើចុងក្រោយរបស់ខ្លួនតម្លៃ ៤២ លានផោនក្នុងការផ្ទេរខ្សែប្រយុទ្ធស្លាបអង់គ្លេស Jamie Gittens តែត្រូវបានបដិសេធដោយក្លិបអាល្លឺម៉ង់ Borussia Dortmund។
កីឡាករវ័យ ២០ ឆ្នាំរូបនេះ ត្រូវបាន Chelsea ត្រៀមកិច្ចព្រមព្រៀងដែលមានកិច្ចសន្យា ៧ ឆ្នាំនៅលើតុចាំស្រាប់ តែក្លិបទាំងពីរមិនអាចរកផ្លូវរួមគ្នាបានចំពោះតម្លៃផ្ទេរ។
មកទល់ពេលនេះ គេមិនទាន់ទទួលដំណឹងបន្ថែមឡើយពីការចរចាតម្លៃផ្ទេរនេះ ខណៈដែលទីផ្សារដោះដូរកីឡាករដំបូងមុន Club World Cup ត្រូវបានបិទបញ្ចប់នៅយប់ថ្ងៃអង្គារ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសឱ្យដឹងថា Dortmund ត្រូវការតម្លៃផ្ទេរ ៥០-៦០ លានផោនសម្រាប់កីឡាករវ័យ ២០ ឆ្នាំអង់គ្លេសរូបនេះ។
Jamie Gittens ជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Manchester City មុនពេលផ្លាស់ទៅ Dortmund នៅឆ្នាំ ២០២០ និងបានបង្ហាញខ្លួនដំបូងនៅក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga នៅឆ្នាំ ២០២២ ខណៈដែលរដូវកាលនេះស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ ប្រកួត។
Chelsea ត្រូវបានគេដឹងថា បានព្យាយាមចរចាយកកីឡាករផ្សេងទៀតផងដែររួមមាន Alejandro Garnacho ពី Manchester United និង Mohammed Kudus ពី West Ham ផងដែរ៕
អត្ថបទ៖នាង សុភាវុធ