ប្រធានាធិបតីរ៉ូម៉ានី លោក Nicusor Dan កាលពីថ្ងៃអង្គារ (ទី១០ ខែមិថុនា) បានប្រាប់ឲ្យដឹងថា លោកអាចតែងតាំងនាយករដ្ឋមន្ត្រី ក្នុងសប្តាហ៍នេះ ដោយផ្ដល់ឱកាសឲ្យភាគីដែលគាំទ្រអឺរ៉ុបឈានដល់កិច្ចព្រមព្រៀងមួយ ពាក់ព័ន្ធនឹងវិធានការចាំបាច់ ដើម្បីបន្ទាបឱនភាពថវិកាខ្ពស់បំផុតរបស់សហភាពអឺរ៉ុប (EU) និងការពារកុំឲ្យធ្លាក់កម្រិតចំណាត់ថ្នាក់។
អ្នកកណ្ដាលនិយម លោក Dan ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស ក្នុងខែឧសភា ដែលមើលឃើញការមានប្រៀបរបស់ក្រុមស្ដាំនិយមជ្រុល ត្រូវតែបង្កើតរដ្ឋាភិបាលភាគច្រើន ដែលមានពេលវេលារហូតដល់ដំណាច់ខែមិថុនា ក្នុងការអនុម័តវិធានការកាត់បន្ថយឱនភាព ដើម្បីបញ្ចៀសការធ្លាក់ចំណាត់ថ្នាក់ទាបជាងកម្រិតវិនិយោគ។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប ភ្នាក់ងារវាយតម្លៃ និងអ្នកវិភាគ បានលើកឡើងថា រូម៉ានីមិនអាចកាត់បន្ថយឱនភាពថវិការបស់ខ្លួន ក្នុងរយៈពេល ៧ឆ្នាំ មកត្រឹមកម្រិត ៣ភាគរយរបស់ EU ដូចដែលបានព្រមព្រៀងគ្នា ប្រសិនបើគ្មានការដំឡើងពន្ធទេនោះ ប៉ុន្តែលោក Dan និងភាគីដែលគាំទ្រអឺរ៉ុបចំនួន ៤ផ្សេងទៀត បានបង្ហាញការអល់អែក ក្នុងការអនុវត្តវិធានការមិនទទួលបានការគាំទ្រមួយនេះ ដោយផ្ទុយទៅវិញ ចង់ផ្តោតលើការកាត់បន្ថយការចំណាយរបស់រដ្ឋ។
លោកប្រធានាធិបតីដែលមានតួនាទីពាក់កណ្តាលប្រតិបត្តិ បានបន្ថែមថា កំពុងរង់ចាំការពិភាក្សា ដែលលោកអាចតែងតាំងនាយករដ្ឋមន្ត្រី នៅសប្តាហ៍នេះ៕
